កម្ពុជា នឹង​ក្លាយជា​ទីតាំង​សម្រាប់​ផ្គត់ផ្គង់​ដំឡូង​មី​ទៅ​ទី​ផ្សារលើ​ពិភពលោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពេល​រាជរដ្ឋាភិបាល​បានសម្រេច​កំណត់ យក​ដំណាំ ដំឡូង​មី ជា​វិស័យ​អាទិភាព​មួយ​បន្ទាប់ពី​ដំណាំ​ស្រូវ ឃើញថា​ដៃគូ អភិវឌ្ឍន៍ នានា បាន​គាំទ្រ​និង​សហការ​លើកស្ទួយ​វិស័យនេះ​កាន់តែ​ប្រសើរ ព្រមទាំង​បានធ្វើអោយ​វិស័យ​ដំឡូង​មី​នៅ​កម្ពុជា ហាក់​មាន​ភាពល្អ ប្រសើរ ច្រើន បើ​ធៀប​នឹង​កាលពី​ពេលមុន​។

​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​គោលនយោបាយ​ជាតិ​ដំឡូង​មី​លើក​ទី​៣ កាល​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​កត់សំគាល់ថា ក្នុងចំណោម​ផលិតផល​ដែលមាន​សក្ដានុពល​ជាច្រើន​របស់​កម្ពុជា រាជរដ្ឋាភិបាល​ជឿជាក់ថា​សក្ដានុពល​នៃ​ផលិតផល​ដំឡូង​មី គឺជា​ប្រភព​រស់រាន​សម្រាប់​កសិក​រ​ក្រីក្រ និង​កសិករ​ខ្នាតតូច ដើម្បី​បង្កើន​កម្រិតជីវភាពរ​ស់​នៅ​របស់​ពួកគាត់ និង​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជាច្រើន ។ គោលនយោបាយ​ដំឡូង​មីនេះ ចងក្រង​ឡើង​សម្រាប់​ជា​ប្រទីប​នៃ​ការអភិវឌ្ឍ ដោយ​ផ្អែកលើ​វិធីសាស្ត្រ​ថ្មីៗ ដែល​ធ្វើអោយ​វិស័យនេះ អាច​ធានាបាន​នូវ​លទ្ធភាព​ចូលទៅ​កាន់​ច្រក​ទីផ្សារ​ទូលំទូលាយ និង​បង្កើន​ប្រាក់ចំណេញ​តាមរយៈ​ការរៀបចំ​សង្វាក់​តម្លៃ​សំខាន់ៗ ទោះជា​តម្លៃ​មានការ​ប្រែប្រួល​ក្ដី ។

លោក ប៉ាន សូរ​ស័ក្តិ បាន​បង្ហាញថា គោលនយោបាយ​ដំឡូង​មី មាន​គោលបំណង​ធ្វើអោយ​ប្រទេស​កម្ពុជា ក្លាយជា​ទីតាំង​នៃ​ឧស្សាហកម្ម​កែច្នៃ និង​ជា​អ្នកផ្គត់ផ្គង់​ដំឡូង​មី ដែល​អាច​ជឿទុកចិត្ត​ដល់ទី​ផ្សារ​សកល​។ កត្តា​នេះ​ទាមទារ​អោយមាន​ការវិនិយោគ​បន្ថែមទៀត ដើម្បី​បង្កើន​សមត្ថភាព​កែច្នៃ និង​កាត់បន្ថយ​ថ្លៃដើម​ពាណិជ្ជកម្ម ដែល​អាច​រក្សាបាន​នូវ​ផលិតភាព​ខ្ពស់​នៅ​កសិដ្ឋាន ។ ឯកឧត្តម​បញ្ជាក់ថា បច្ចុប្បន្ននេះ​វិស័យ​ដំឡូង​មី​នៅ​កម្ពុជា ឃើញថា​មាន​ភាពល្អប្រសើរ​ច្រើន ដោយមាន​រោងចក្រ​កែច្នៃ​នៅនឹងកន្លែង និង​ការនាំចេញ​ផលិតផល​ដើម​ផងដែរ ជាពិសេស​ក្រុមហ៊ុន​ចិន ។

លោក ឯក ស៊ុន​សុខា ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន Long & Sokha Import Export Co.,Ltd បានអោយដឹងថា វិស័យ​ដំឡូង​មី ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញអោយមាន​គោលនយោបាយ​ច្បាស់លាស់​នៅពេលនេះ នឹង​ទទួលបាន​ការគាំទ្រ ហើយ​ជំរុញ​បន្ថែមទៀត ធ្វើអោយ​វា​កាន់តែ​ប្រសើរឡើង ហើយ​អាចជួយ​កសិករ និង​អ្នក​ផលិត​ក្នុងស្រុក​កាន់​តែមាន​ទឹកចិត្ត​ផលិត​បន្ត ។

លោក​រំពឹងថា វិស័យ​ដំឡូង​មី នឹងមាន​ការគាំទ្រ និង​យកចិត្តទុកដាក់​ខ្លាំង ដូច​វិស័យ​ស្រូវ​អង្ក​រដែរ ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ននេះ ផលិតផល​ដំឡូង​មី ហាក់​មានការ​កើនឡើង​ជាង​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដូចនេះ​នៅពេល​តម្លៃ​ដំឡូង​មី​កាន់តែ​កើនឡើង​ធ្វើអោយ​ពលរដ្ឋ​កាន់តែ​មានទឹក​ចិត្ត​ដាំ​ដុះ ដែល​នឹង​ជំរុញ​អោយ​ការនាំចេញ​របស់​កម្ពុជា​កាន់តែ​បាន​ច្រើន​ផងដែរ ។

​លោក​បញ្ជាក់​បន្ថែមថា ចិន​គឺជា​ទីផ្សារ​ធំជាងគេ​នៅលើ​ពិភពលោក ក្នុង​វិស័យ​ដំឡូង​មី ហើយ​បច្ចុប្បន្ន ថៃ​គឺជា​ប្រទេស​ធំជាងគេ​ដែល​បាន​នាំ​ផលិតផល​ដំឡូង​មី ទៅកាន់​ប្រទេស​ចិន ។ គួរ​បញ្ជាក់ថា ក្នុង​មួយឆ្នាំៗ កម្ពុជា​អាច​នាំ​ដំឡូង​មី​ចេញ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៧២៨​លាន​ដុល្លារ​អាមេរិក​ចេញពី​ខេត្ត​ចំនួន ១៣ ៕