របរ និង​ត្រណម​អ្នក​ឡើង​ភ្នំ​រុករក​ខ្លឹមចន្ទន៍​ក្រស្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018 ក+ ក-

​ភ្នំពេញ ៖ មុខរបរ​ចូល​ព្រៃ ឡើង​ភ្នំ​រុករក​ដើម​ចន្ទន៍​ក្រស្នា​ដើម្បី​កាប់​យក​ខ្លឹម របស់​អ្នកស្រុក​ក្នុង​ខេត្តពោធិសាត់​បានក្លាយ​ជា​ប្រពៃណី​មួយ ត​កូនចៅ ជាពិសេស​​អ្នកស្រុក​នៅ​ជុំវិញ​តំបន់ភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់ ដែល​ទំនៀម​ទម្លាប់នេះ មាន​តាំងពី​យូរលង់​ណាស់​មកហើយ។​ បច្ចុប្បន្ននេះ ​នៅមាន​ស្រុក​ភ្នំក្រវាញ​តិចតួច​ប៉ុណ្ណោះ ដែល​បន្ត​រក្សា​មុខរបរ​នេះ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ បើទោះបីជា​មានបរិមាណថយចុះ​ច្រើន ឬលំបាកលំបិនបែបណាក្តី​។

​យោងតាម​ឯកសារ​មួយចំនួន បាន​បង្ហាញថា អ្នក​ឡើង​ភ្នំ​រក​ខ្លឹមចន្ទន៍​មាន​ជំនឿ និង​កាន់​ត្រណម​តឹងរ៉ឹង​ណាស់ បើ​ពុំ​នោះទេ អាច​នឹង​ជួប​គ្រោះកាច​រហូតដល់​បាត់បង់​ជីវិត​ក៏មាន​។ ប៉ុន្តែ​អ្នក​ដែលមាន​ភ័ព្វសំណាង ក៏​អាច​ជួបនឹង​ដើម​ចន្ទន៍​ក្រស្នា ដែលមាន​ខ្លឹម​សុទ្ធ​ល្អ តែមាន​តិចតួច​ណាស់​ដែលមាន​សំណាង​។​

​ខេត្តពោធិ៍សាត់ គឺជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ ធនធានធម្មជាតិ​ជាច្រើន​ដូចជា ដើម​ចន្ទន៍​ក្រស្នា​, ដើម​ក្រវាញ​, ដង្កោ​, ដីប្លី​, វ​ល្លិ៍​ផ្តៅ​, ជ័រទឹក​, ជ័រចុង​, ថ្មកែវ និង​រុក្ខជាតិ​ផ្សំ​ឱសថ​បុរាណ​ជាច្រើន​ទៀត​។ ប៉ុន្តែ​អ្នក​ប្រកបមុខរបរ​ឡើង​ភ្នំ ច្រើន​សំដៅ​រក​ខ្លឹមចន្ទន៍​ព្រោះ​មានតម្លៃ​ខ្ពស់ជាង​រុក្ខជាតិ​ផ្សេងៗ​។ ដើម​ខ្លឹមចន្ទន៍​មួយ​ដើម​មានឈ្មោះ​រហូតដល់​៥០-៦០​ឈ្មោះ ចាប់ពី​សម្បក​ក្រៅ រហូតដល់​សាច់​ខាងក្នុង ដូចជា សាច់​ខាងក្នុង​លេខ​១ គេ​ហៅថា កែន​លេខ​១ បន្ទាប់មក​កែន​លេខ​២, ៣… ប៉ាក​ក្វាន​, ខ្នង​ហ៊ុ​, សាក​ម៉ាក​តុ​, តុ​ដំរី ៘ អ្នកស្រុក​ភ្នំក្រវាញ​បាន​មួយចំនួន​ប្រកប​របរ​រក ខ្លឹមចន្ទន៍ នេះ តកូនតចៅ ពុំ​សូវ​ធ្វើស្រែ​ចម្ការ​ទេ ដែល​ភាគច្រើន​គឺ ជនជាតិ​ព័រ​។ ជនជាតិ​ព័រ​ប្រកាន់​ទំនៀមទម្លាប់​បានល្អ​ណាស់ ទាំង​អ្នក​ឡើង​ភ្នំ ទាំង​អ្នក​នៅចាំ​ផ្ទះ​។​

​មុនពេល​ចេញដំណើរ​ឡើង​ភ្នំ គេ​បាន​បបួលគ្នា​ដែល​នៅ​ភូមិ​ផង​របង​ជាមួយ រៀបចំ​ជា​ក្រុម​មាន​ចំនួន​ពី​២០​ទៅ​៣០​នាក់ ត្រៀម​អង្ករ ស្បៀងអាហារ ស្រា រៀងៗ​ខ្លួន សម្រាប់​រយៈពេល​២០​ថៃ្ង​។ មួយ​ថៃ្ង​មុន​ចេញដំណើរ គេ​នាំគ្នា​រៀបចំ​ពិធីសែនព្រេន​តាម​ប្រពៃណី រួច​នាំគ្នា​រាំច្រៀង​ដូច​ពិធី​បេះ​ក្រវាញ​អ៊ីចឹង​ដែរ​។​

លុះ​ព្រឹក​ឡើង គេ​ចេញដំណើរ​អស់ គឺ​សា្ង​ត់​ភូមិ​តែម្តង​។ ឯ​អ្នក​នៅផ្ទះ​ដូចជា​ប្រពន្ធ ម្តាយ ឬ​ចាស់ទុំ ត្រូវ​តម​ប្រហែល​គ្នា​នឹង​ក្រមុំ​ចូល​ម្លប់ រហូតដល់​អ្នក​ទាំងនោះ​ត្រឡប់​មកពី​ព្រៃ​វិញ​។ គេ​មានជំនឿថា ពេល​ប្តី​ចេញទៅ​ព្រៃ​ប្រពន្ធ​នៅផ្ទះ​មិន​អង្គុយ​កាំជណ្តើរ​, មិន​លីង​អង្ករ​, ខ្លាច​ស្រាំង​ឪម៉ាល់ តាឱ ទិច​ប្តី​នៅឯ​ព្រៃ​, មិន​លាបប្រេង​លើស​ក់ ខ្លាច​ប្តី​នៅ​ព្រៃ​របូតដៃជើង​ធ្លាក់​ពីលើ​ដើមឈើ ឬ​ពីលើ​ភ្នំ​, ដាំបាយ​មិន​គង​វែក​លើ​ឆ្នាំង ខ្លាច​ប្តី​មាន​គ្រោះថ្នាក់​ដោយសារ​សត្វ​សាហា​វ​។

​ចំពោះ​អ្នក​ឡើង​ភ្នំ​ក៏​ប្រកាន់​ត្រណម​ដែរ ដូចជា​មិនត្រូវ​និយាយ​ផ្តេសផ្តាស មិនអាច​ឈរ​នោម​ច្រាស​គល់ឈើ បើ​ចង់​នោម​ត្រូវ​អង្គុយ​ឱ្យទាប មិនអាច​ដេក​ចង​អង្រឹង ឬ​ក្រាល​កៅស៊ូ​ស្អាតបាត​នោះទេ ព្រោះ​ខ្លាច​សត្វ​សាហាវ​ស៊ី​។

​ទំនៀមទម្លាប់​នេះ​ជា​ប្រការ​មួយ​ល្អប្រសើរ ទោះបី​ឃ្លាត​ឆា្ង​យ​ពីគ្នា ក៏​ប្តី​ប្រពន្ធ​មិនអាច​ក្បត់គ្នា​បានឡើយ ប្រសិនបើ​ប្រពន្ធ​ធ្វើ​ខុស​ត្រណម ប្តី​នៅ​ព្រៃ​ត្រូវតែ​ជួប​គ្រោះថ្នាក់​ដោយ​ខ្លាខាំ ឈឺ ឬ​មាន​ហេតុការណ៍​ចម្លែក​ជាមិនខាន​។​

​ចំពោះ​អ្នក​ដែល​ទៅរក​ខ្លឹមចន្ទន៍ ពេលដែល​ឡើងទៅ​ដល់​ភ្នំ​ប្រទះ​ដើម​ចន្ទន៍​ក្រស្នា​ហើយ គេ​នាំគ្នា​ដេក​នៅ​នឹង​គល់​នោះ រួច​អុជ​ធូប​ផ្សង បើ​អ្នកនោះ​មាន​វាសនា យប់នោះ​អ្នកនោះ​នឹង​ឮសូរ “​មេ​” ឱ្យ​សំឡេង “​ពើកៗ​” (​ឬ​សំឡេង​ចម្លែក​) ជា​ប្រផ្នូល​នៅត្រង់ណា ខ្លឹមចន្ទន៍​ច្បាស់​ជា​នៅ​ត្រង់នោះ ហើយ​គេ​និយម​ហៅថា “​ព្រះអង្គ​”​។ ជួនកាល​អ្នក​មុន​កាប់រំលំ​ដើម​ចន្ទន៍​ក្រស្នា បាន តែ​កាប់​ចិញ្ច្រាំ​ប៉ះចំ​ឈើ​ស្រាយ លុះ​អ្នក​ទៅក្រោយ​មាន​វាសនា​គ្រាន់តែ​ចិញ្ច្រាំ គល់​ដែល​នៅសល់​ក៏​ប្រទះឃើញ​ខ្លឹម​នៅ​ទីនោះ​តែម្តង​។​

​ដើម​ចន្ទន៍​ក្រស្នា មិន​ដូចជា​ដើមឈើ​នាងនួន ឬ​ដើមអម្ពិល​ដែលមាន​ខ្លឹម​តាំងពី​គល់​រហូតដល់​ចុង​នោះទេ​។ ដើម​ចន្ទន៍​ក្រស្នា ជួនកាល​មាន​ខ្លឹម​នៅ​គល់ ជួន​ខ្លឹម​នៅ​មែក ហើយ​សាច់​លេខ​២, លេខ​៣​នៅ​គល់​ក៏មានដែរ​។

​ប៉ុន្តែ​ទោះបីជា​មិនបាន​ខ្លឹម ក៏​គេ​កាប់រំលំ​ចិញ្ច្រាំ​ស្រទាប់ ផ្សេងៗ​ដែល​អាច​លក់បាន​។ ម្យ៉ាងទៀត​បើ​រក​មិនបាន​ខ្លឹមចន្ទន៍ ក៏​គេ​ស្រវា​រក​ជ័រចុង​, ដង្កោ​, ក្រវាញ​, ឬ​យក​ថ្មកែវ ដោយ​មិន​ត្រឡប់មកផ្ទះ​វិញ​ដោយ​ដៃទទេ​នោះឡើយ​។ បើ​មាន​គ្រោះថ្នាក់​គេ​មានជំនឿថា​ខុស​ត្រណម ហើយ​អ្នកស្រុក​ទាំងនោះ​នៅតែ​រក្សា​ជំនឿ​តៗ​រហូតមកដល់​សព្វ​ថៃ្ង​។

​អ្នក​ដែល​ឡើង​ទៅរក​ខ្លឹមចន្ទន៍​ច្រើន ជា​អ្នកស្រុក​រស់នៅ​ទីនោះ ចាស់ព្រឹទ្ធចាស់ព្រេង​តាំងពី​ដូនតា ស៊ាំ​នឹង​ព្រៃភ្នំ មិនសូវមាន​ជំងឺគ្រុនចាញ់ ឬ​ជំងឺ​ផ្សេងៗ​នោះឡើយ​៕