សហភាព​អន្តរ​សភា​ចេញ​សេចក្តីសម្រេច​ស្នើឱ្យ​ដោះលែង​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2018 ក+ ក-

​វ៉ាស៊ីនតោន ៖ សហភាព​អន្តរ​សភា (IPU) ស្នើសុំ​ជាថ្មី​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ទម្លាក់ចោល​ការចោទប្រកាន់​នានា​ព្រមទាំង​អនុញ្ញាតឱ្យ​លោក​បានមក​ដឹកនាំ​គណបក្ស​ឡើងវិញ​។ នេះ​បើតាម​ចេញ​សេចក្តីសម្រេច​មួយ​របស់​សហភាព​អន្តរ​សភា (IPU) ដែល​ចេញ ឆ្នាំ​២០១៨ នេះ​។​

​ប្រភពព័ត៌មាន​ពី វី​អី​អេ បាន​ផ្សាយ​ថា សេចក្តីសម្រេច​ដែល​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏បាន​ច្រាន​ចោលការ​ដកយក​អាសនៈ​សភា​ទាំង​៥៥​របស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ហាម​អតីត​អ្នកតំណាងរាស្ត្រ​ទាំងនោះ​មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ថា​ជា​«​ការដើរ​ផ្ទុយ​ទាំងស្រុង​នឹង​សិទ្ធិ​បុគ្គល​និង​សមូហភាព​ក្នុងការ​ចូលរួម​បំពេញ​កិច្ចការ​សាធារណៈ​និង​សិទ្ធិ​ទទួលបាន​ការកាត់ក្តី​ដោយ​យុ​ត្តិ​ធ​ម៌‍​»​។​

​សហភាព​អន្តរ​សភា​បាន​បើក​ការប្រជុំ​ពីថ្ងៃ​ទី​១៤ ដល់​១៨ ខែតុលា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ហើយក៏​មានការ​ចូលរួម​ពី​ប្រតិភូ​សភា​របស់​កម្ពុជា ផងដែរ​។​

​ប្រតិភូ​កម្ពុជា​បាន​ប្រាប់​ដល់​សហភាព​អន្តរ​សភា​ថា បើ​អតីតសមាជិក​ក្រុមប្រឆាំង​«​នៅ​ស្ងាត់​ស្ងៀ​ម‍​»​គឺ​ពួកគេ​អាច​នឹងធ្វើ​នយោបាយ​បាន​វិញ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ទៀត​ពេលដែល​បំរាម​បាន​ផុត​ប៉ុន្តែ​ក្នុង​ពេលនេះ​គឺ​ពួកគេ​ត្រូវតែ​ទទួល​តាម​ការសម្រេចរ​បស់​តុលាកា​រ‍​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្តីសម្រេច​ដែលមាន​១២​ចំណុច​នេះ​។​

​តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​អតីត​គណបក្សប្រឆាំង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​ចាប់ខ្លួន​លោក កឹម សុខា ដាក់ពន្ធនាគារ​ដោយ​ចោទ​ពីបទ​ឃុបឃិត​ជាមួយនឹង​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។​

​ប៉ុន្តែ​សេចក្តីសម្រេច​របស់​សហ​ភាព​អន្តរ​សភា​បាន​ហៅ​ការចោទប្រកាន់ និង​ឯកសារ​វីដេអូ ប្រើប្រាស់​ដាក់បន្ទុក​នោះ​ថា «​គ្មានអ្វី​ដែលជា​បទល្មើស​ព្រហ្មទណ្ឌ​ទាល់តែ​ស‍ោះ​»​ហើយ​ថា​លោក​កឹម សុខា​ក៏​មិនបាន​ញុះ​ញ៉​ង់​ឱ្យមាន​អំពើហិង្សា​អ្វី​ទេ​។ សហភាព​អន្តរ​សភា​ក៏បាន​ច្រានចោល​វីដេអូ​នោះ​។​

​គណៈប្រតិភូ​សភា​កម្ពុជា​បាន​សម្តែង​ការ «​ខក​ចិ​ត្ត‍​» ចំពោះ​សេចក្តីសម្រេច​នោះ​ហើយ​ចោទថា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា​ផ្អែក​ការសម្រេចចិត្ត​របស់​ពួកគេ​«​ហាក់​ពុំបាន​ធ្វើការ​គិតគូ​ពិចារណា​ឱ្យបាន​ម៉ត់ចត់​ឡើយ​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណៈប្រតិភូ​កម្ពុជា​ដែល​ចេញ​កាលពី​ថ្ងៃទី​១៨ តុលា នោះ ដែរ បាន​បន្ថែមថា គណៈកម្មាធិការ​បាន​ផ្អែកលើ​ប្រភពព័ត៌មាន​ដែលមាន​លក្ខណៈ​នយោបាយ​ពី​ភាគី​ម្ខាង​ហើយ​«​លាប​ពណ៌​ប្រទេស​កម្ពុជា​ឱ្យ​ខ្មៅ​ង​ងឹ​ត‍​»​។​

​លោក​កឹម សុខា​នៅ​បន្ត​ជាប់ឃុំ​នៅក្នុង​លំនៅដ្ឋាន​នៅឡើយ​ហើយ​ការស្នើសុំ​ជួប​លោក​ដោយ​ប្រតិភូ​សហភាព​អន្តរ​សភា​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បដិសេធ​ជា​បន្តបន្ទាប់​៕