ឆ្នាំ​២០១៨ ការទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង ថយចុះ​១៤,៥៥% បើ​ធៀប​ឆ្នាំ​២០១៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2019 ក+ ក-

​ភ្នំពេញ ៖ លើកឡើង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៥​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​លើក​ទិសដៅ​ការងារ​សម្រាប់​អាណត្តិ​ទី​៦ របស់​អាជ្ញាធរ​អគ្គិសនី កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ មករា​នេះ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក យឹម វិសិដ្ឋ បាន​ឲ្យ​ដឹងថា បរិមាណ​អគ្គិសនី​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេសជិតខាង​បាន​ថយចុះ​ពី ៤០,០៦% នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម​១៤,៥៥% នៅ​ឆ្នាំ​២០១៨ ហើយ​ថា នៅក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុ​ជា ប​ច្ចុ​ប្បន្ន ប្រភព​អគ្គិសនី​ដែល​យើង​មាន និង​អាច​ប្រើប្រាស់​បាន​មាន​២​ប្រភេទ​គឺ ប្រភព អគ្គិសនី​ដែល​អភិវឌ្ឍ​ក្នុងស្រុក និង​ប្រភព​អគ្គិសនី​ដែល​ទិញ​ពី​ប្រទេសជិតខាង​។​

​លោក យឹម វិសិដ្ឋ បាន​បន្តថា ចំពោះ​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ក្នុងស្រុក សំរាប់​អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល​កន្លងមក​យើង​បានដាក់​ឲ្យ​ដំណើរការ​ប្រភព​អគ្គិសនី​ថ្មីៗ បន្ថែម​សរុប​ចំនួន ១០៩៩.២ មេ​ហ្កា​វ៉ា​ត់ ជាមួយនឹង​ការបញ្ឈប់​ដំណើរការ​ប្រភព​អគ្គិសនី​ប្រើ ប្រេង​ខ្មៅ​ចំនួន ៥២.៧ មេ​ហ្កា​វ៉ា​ត់ និង​លុបចោល​ការផលិត​អគ្គិសនី​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​តូចៗ តាម​តំបន់​នានា​ចំនួន ៣៦.២៣ មេ​ហ្កា​វ៉ា​ត់ ធ្វើ​ឲ្យ​អនុភាព​សរុប​នៃ​ប្រភព​អគ្គិសនី​ក្នុងស្រុក​បាន កើនឡើង​ពី ១០២៥.១៩ មេ​ហ្កា​វ៉ា​ត់ នៅ​ចុងឆ្នាំ​២០១៤ មក ២២០៧.៧៦ មេ​ហ្កា​វ៉ា​ត់ នៅ​ចុង ឆ្នាំ​២០១៨ គឺ​កើនឡើង ២.១៥​ដង​។ ដោយឡែក​បរិមាណ​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​បាន ប្រើប្រាស់​ចេញពី​ប្រភព​អគ្គិសនី​ដែលមាន​ខាងលើ​បាន​កើនឡើង​ពី ៤៨៧៣.០៧ លាន​គីឡូ វ៉ា​ត់​ម៉ោង នៅ​ឆ្នាំ​២០១៤ មក ៨៥,៤៥% នៅ​ឆ្នាំ​២០១៨ ធ្វើ​ឲ្យ​បរិមាណ​អគ្គិសនី​ដែល​កម្ពុជា​នាំ ចូល​ពី​ប្រទេសជិតខាង​បាន​ថយចុះ​ពី ៤០,០៦% នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម ១៤,៥៥% នៅ ឆ្នាំ​២០១៨​។​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម មានប្រសាសន៍ថា គោលដៅ​ទី​១ នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​សម្រាប់​កម្ពុជា គឺ​ការអភិវឌ្ឍ ប្រភព​អគ្គិសនី​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាង ណា​ឲ្យ​កម្ពុ​ជាមាន​ខ្សែ​បញ្ជូន​អគ្គិសនី​ធំៗ និង​អនុ​ស្ថានីយ​កាន់តែច្រើន​ត​ភ្ជាប់​ការផ្គត់ផ្គង់​អគ្គិ​ស នី​ទូទាំងប្រទេស និង​អាច​ប្រទាក់​គ្នា​កាន់តែ​រឹងមាំ ពង្រឹង​ស្ថិរភាព​ផ្គត់ផ្គង់​ឲ្យ​កាន់តែ​ខ្ពស់​ក្លាយជា ឆ្អឹងខ្នង​នៃ​ការផ្គត់ផ្គង់​ដែល​ប្រមូលផ្តុំ​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ទាំងអស់​បញ្ចូល​គ្នា រួច​ធ្វើ ការបែងចែក និង​បញ្ជូន​ល្បាយ​ប្រភព​អគ្គិ​នី​ទៅ​ឲ្យ​អនុ​ស្ថានីយ​តាម​បណ្តា​រាជធានី​/​ខេត្ត​នីមួយៗ ហើយ​ថា ជាមួយនឹង​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ជាតិ​ខាងលើ យើង​ក៏ត្រូវ ធ្វើការ​អភិវឌ្ឍ​បណ្តាញ​បញ្ជូន​រង​ដើម្បី​បញ្ជូន​ប្រភព​អគ្គិសនី​ពី​អនុ​បណ្តាញ​ជាតិ​ទៅ​ឲ្យ​តំបន់ ចែកចាយ​នានា ដែលជា​អ្នក​ចែកចាយ​តាម​តំបន់​ចែកចាយ​នីមួយៗ​ទាំង​រដ្ឋ និង​ទាំង​ឯកជន ត្រូវមាន​កាតព្វកិច្ច​ធ្វើការ​អភិវឌ្ឍ​បណ្តាញ​ចែកចាយ​អគ្គិសនី​ឲ្យ​បាន​គ្រប់​ភូមិ​ក្នុង​តំបន់​ចែកចាយ របស់ខ្លួន ដើម្បី​អាច​ផ្គត់ផ្គង់​អគ្គិសនី​រាយ​ឲ្យ​គ្រប់​អ្នកប្រើប្រាស់​ក្នុង​តំបន់​របស់ខ្លួន ដើម្បី​ធានាថា គ្រប់​ភូមិ​ទាំងអស់​ក្នុងប្រទេស​កម្ពុ​ជាមាន​អគ្គិសនី​ប្រើប្រាស់​ត្រឹម​ឆ្នាំ​២០២០៕