ភ្នំពេញ ៖ មានបេក្ខជនជាង ៣ពាន់នាក់ បានដាក់ពាក្យចូលរួមប្រកួត Freshie girl and Boy ជំនាន់ទី១៨ តែក្រោយការជម្រុះមកគឺនៅសល់ត្រឹម ៣៦នាក់ប៉ុណ្ណោះ ដែលត្រូវចូលរួមប្រកួត នៅក្នុងសប្តាហទី១ ដែលបានចាប់ផ្តើមជាផ្លូវការនាពេលនេះ ហើយបើតាមការបញ្ជាក់ពីអ្នក រៀបចំថា កម្មវិធីប្រកួត Freshie girl and boy នេះបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ជាប្រចាំ ឆ្នាំ ដោយឆ្នាំនេះគឺជាឆ្នាំទី១៨ ហើយ។
កម្មវីធីប្រកួតនេះបានចាប់ផ្តើមដំណើរការដោយប្រកាសទទួលពាក្យពីយុវជន យុវតីខ្មែរ គ្រប់ៗរូបតាមរយៈបណ្តាញទំនាក់ទំនងសង្គម ឬហៅថា facebook ផ្លូវការរបស់កម្មវិធី ដែល មានឈ្មោះថា Freshie Cambodia ដោយឆ្នាំនេះមានបេក្ខភាពដាក់ពាក្យប្រមាណជាង ៣ពាន់ នាក់ ដែលចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាម ការលើកឡើងរបស់លោក ប៊ុនកើដ អាំងអាំនួយសិរិ ម្ចាស់គំរោងកម្មវិធី Freshie girl and boy ក្នុងសន្និសីទសារព័ត៍មានស្តីពីការបើកការប្រកួតជាផ្លូវការកម្មវិធី Freshie girl and boy ជំនាន់ ទី១៨ នេះ។
លោកថា អ្នកជាង ៣ពាន់នាក់ដែលបានដាក់ពាក្យចូលរួមប្រកួតនេះ ក្រោយការជម្រុះ យ៉ាងសម្រិតសម្រាំងគឺនៅសល់បេក្ខជនតែ ៣៦នាក់ប៉ុណ្ណោះគឺ ប្រុស១៨នាក់ និង ស្រី១៨នាក់ ត្រូវចូលរួមប្រកួតក្នុងសប្តាហ៍ទី១ ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ តទៅ។ ដោយឡែកការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ខាង មុខ។
អ្នករៀបចំកម្មវិធីប្រកួត Freshie girl and Boy នេះដដែលបានបញ្ជាក់ថា ចំពោះ គោលបំណង គឺមិនខុសពីឆ្នាំមុនៗទេ កម្មវិធីចង់ឲ្យបេក្ខជនដែលជា យុវជន យុវតីខ្មែរ ទទួល បាននូវការបណ្តុះបណ្តាល ផ្តល់ឱកាសឱ្យពួកគេនូវវេទិកាកិត្តិយសដើម្បីឲ្យប្អូនៗបានបញ្ចេញ នូវសសមត្ថភាព ទេពកោសល្យពីធម្មជាតិ ភាពអង់អាច ក្លាហាន ការហ៊ានសម្តែងជាដើម និង ថា ចាប់តាំងពីឆ្នាំទី១ រហូតដល់ពេលនេះ កម្មវិធីប្រកួត Freshie បានរួមចំណែកជាថ្នាល បណ្តុះនូវពន្លក យុវជន យុវតីកម្ពុជា ដែលមានទេពកោសល្យ សមត្ថភាពផ្នែកសិល្បៈ ដែលជាថាមពលនៃកម្ពុជាដើម្បីចូលរួមមបន្តនូវការអភិវឌ្ឍសង្គមសិល្បៈកម្ពុជាបានជាច្រើន នាក់រួចមកហើយ៕ (រូបតំណាង)