សម្តេច ហេង សំរិន អញ្ជើញគោរពវិញ្ញាណកន្ធសពអតីតប្រធានរដ្ឋវៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2019 ក+ ក-

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែឧសភា នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណកន្ធសពលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចអគ្គមហា
ពញាចក្រី ហេង សំរិន បានសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយបក្ស រដ្ឋ និង
ប្រជាជនវៀតណាម ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក ឡេ ឌឹកអាញ់ អតីត ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩
ដែលជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រជាជនវៀតណាម។

យោងតាមឯកសារ លោក Duc Anh បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។ លោកបានកាន់មុខតំណែងជាប្រធានាធិបតីវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ដោយនៅឆ្នាំ១៩៩៥ លោកបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេ ដែលបានឈានជើងជាន់លើទឹកដីអាមេរិក ក្រោយសម័យសង្រ្គាមវៀតណាម នៅពេលដែល រូបលោកធ្វើដំណើរទៅចូលរួមគម្រប់ខួប ៥០ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូយ៉ក។

ទាក់ទិនជាមួយនឹងកម្ពុជា លោក ឡេ ឌឹកអាញ់ គឺជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ដែលបានរួមចំណែកដ៏ធំធេងក្នុងការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ជួយស្តារ និងកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ៕