ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ស្នើប្រជាពលរដ្ឋកុំជឿអ្នកនយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2019 ក+ ក-

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សភាចារ្យ សុខ ទូច សុំកុំឱ្យប្រជាជនជឿអ្នកនយោបាយ ព្រោះថា ពាក់ព័ន្ធនិងលុយកាកជំពាក់ឬខ្ចីបុលគេ ត្រូវតែសងគេ បើទោះជាត្រូវផ្លាស់ប្តូមេដឹកនាំប្រទេស រូបណាក៏ដោយ។ ការលើកឡើងដូច្នេះ បន្ទាប់ពីពេលថ្មីៗនេះ មានអ្នកនយោយបាយមួយចំនួន បានធ្វើរលកនយោបាយ ដោយប្រើប្រាស់បញ្ហាមីក្រូហិរញ្ញវត្ថុ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ក្រោមលេសថា ពលរដ្ឋខ្មែរជំពាក់លុយគេរាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ។

លោក សុខ ទូច បានរំលឹកថា បន្ទាប់ពីមានការប្រកាសចូលស្រុកវិញ របស់អ្នកនយោបាយមួយក្រុមនោះ ក៏បានបញ្ចេញស្នៀតចាស់ ដែលពួកគេធ្លាប់បានធ្វើកាលពីអំឡុង ឆ្នាំ២០១៣ដោយបង្កើតឱ្យមានរលកនយោបាយមួយ គឺយកបញ្ហាមីក្រូហិរញ្ញវត្ថុនេះ ធ្វើជាប្រធានបទ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ដោយគេលើកឡើងថា ធនាគារ និង មីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់រដ្ឋ ហើយបើពួកគេឈ្នះអំណាច ពួកគេនឹងដោះបំណុលឱ្យទាំងអស់ ដែលនោះជាចេតនាបំពុលអារម្មណ៍ ប្រជាពលរដ្ឋមួយចំនួន ដែលលោកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសគឺកូរឱ្យមានបញ្ហា ទំលាក់បន្ទុកទៅលើរាជរដ្ឋាភិបាលដើម្បីទាញប្រជាប្រិយ៍ភាព និងកេងចំណេញនយោបាយរបស់ពួកគេតែប៉ុណ្ណោះ។

បញ្ហាខាងលើនេះ ត្រូវបានរាជបណ្ឌិតសភា យកគម្រោងនោះទៅសិក្សាស្រាវជ្រាវ ដោះបញ្ហា និងបានបញ្ជាក់យ៉ាងច្បាស់ថា ធនាគារ និង មីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ មានតែធនាគាជាតិមួយ ជារបស់រដ្ឋ។ ហើយឥឡូវនេះ ស្នៀតដដែល ត្រូវបានអ្នកនយោបាយក្រៅស្រុកលើកយកមកជាថ្មីម្តងទៀត ក្រោយប្រកាសចូលស្រុកនៅថ្ងៃទី៩វិច្ឆិកាខាងមុខនេះ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៨ខែសីហា ខណៈរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូ នៃសេវាកម្មធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលកិច្ចពិភាក្សានេះ ធ្វើឡើងនៅសាលប្រជុំ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។កិច្ចពិភាក្សាតុមូល របស់រាជបណ្ឌិត្យសភាកម្ពុជា មានការអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសរួមមាន៖ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ តំណាងធនាគារជាតិនៃកម្ពុជា និងលោក គា បូរាណតំណាងសមាគមមីគ្រូហិរញ្ញវត្ថុកម្ពុជា និងមានអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធ និស្សិតផ្នែកហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន មកពីស្ថាប័នជាតិ អន្តរជាតិ ជាច្រើននាក់។

សូមបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានទស្សនៈលើកឡើង ទាំងវិជ្ជមាន និងអវិជ្ជមាន ពាក់ព័ន្ធនឹងតួនាទី និងភាពជាដៃគូ នៃស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេស មានការលើកឡើងពីករណី រំលោភបំពាន សិទ្ធិមនុស្ស ដូចជាការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុក ភ្ជាប់ទៅនឹងប្រតិបត្តិការ របស់ស្ថានប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាផងដែរ៕