សម្តេចតេជោ ប្រកាសចុះពីតំណែងបើចាប់លោក សម រង្ស៊ី ពេលចូលស្រុកថ្ងៃទី៩ វិច្ឆិកា មិនបាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសភ្នាល់ជាមួយ លោក សម រង្ស៊ី នៅព្រឹកថ្ងៃទីសុក្រនេះ ក្រោយពីលោក សម រង្ស៊ី បានបបួលសម្តេច ភ្នាល់ថា បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះសម្តេចតេជោ យល់ ព្រមចុះចេញពីតំណែង។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទីសុក្រទី៣០ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសភ្នាល់ជាមួយ លោកសម រង្ស៊ី ជាថ្មីទៀត ក្រោយលោក សម រង្ស៊ីបបួលសម្តេចភ្នាល់រឿង វិលត្រលប់មកស្រុកខ្មែរវិញនៅថ្ងៃទី០៩ វិច្ឆិកា។ សម្តេចតេជោ ប្រកាសថា សម្តេចយល់ព្រមទទួលការភ្នាល់ជាមួយលោក សម រង្ស៉ី ប្រសិនបើលោកហ៊ានជាន់ ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សម្តេចបញ្ជាក់ថា បើសម្តេចចាប់លោក សម រង្ស៊ី មិន បានក្នុងរយៈពេល២៤ម៉ោង សម្តេចនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើសម្តេចចាប់ខ្លួន សម រង្ស៊ីមិនមកវិញ លោក សម រង្ស៊ី នឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការ ចាត់តាំង ទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង។

(សម្លេងសម្តេច៖ ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯង នឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ?ចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់មិនគោរពលើ ការ សន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយលើការភ្នាល់នេះ»។)

ទណ្ឌិត សម រង្ស៉ី ថ្មីៗនេះ បានសរសេរបង្ហោះតាម Facebook និងគេហទំព័ររបស់ខ្លួន ដោយ បបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ ដោយលើកឡើងថា បើសម្តេចមិនជឿថា ខ្លួនលោកសម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ០៩ វិច្ឆិកា ២០១៩ នេះទេ សុំឲ្យសម្តេច ហ៊ុន សែន ចុះចេញពីតំណែង ភ្លាមមួយរំពេចទេ នៅពេលដែលលោកមកជាន់ទឹកដីប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ថាលោកសម រង្ស៊ី បានចាញ់សម្បថសម្តេចនាយករដ្ឋមន្ត្រីម្តងជាពីរ ដងរួចទៅហើយ កាលពីឆ្នាំមុន ពាក់ព័ន្ធទៅនឹងរឿងដោះលែងលោកកឹម សុខា។ អ្នកវិភាគសង្គម និងជាអ្នកតាម ដានបញ្ហានយោបាយលោកបណ្ឌិត មាស នី បានបញ្ជាក់ថា ថ្ងៃទី០៩ វិច្ឆិកាខាងមុខ គឺជាពេល បញ្ចប់ជីវិតនយោ បាយរបស់លោក សម រង្ស៊ី បើលោកមិនវិលត្រលប់មកកម្ពុជាទៅតាមការ សន្យា របស់លោកទេនោះ។ កាលពីម្សិលម៉ិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មហាផ្ទៃបាន បញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ច ត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តដីការរបស់តុលាការ ដើម្បីចាប់ខ្លួនទណ្ឌិត សម រង្ស៊ី យកទៅផ្តន្ទាទោសតាមច្បាប់៕