កម្ពុជា-ឡាវ ព្រមព្រៀងដោះស្រាយបញ្ហាព្រំដែននៅសេសសល់ដោយមិត្តភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2019 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលឡាវ បានឯកភាពក្នុងការរៀបចំឲ្យមានសន្ធិសញ្ញាព្រំដែននៃប្រទេសទាំងពីរ ដែលបានឯកភាពរួចរាល់ ហើយបន្តប្តេជ្ញារួមគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ដោយឈរ លើគោលការណ៏សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ នៅថ្ងៃនេះដែរ ភាគីទាំងពីរកម្ពុ-ឡាវ ក៏បានឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៥ ដែលផ្តោតធំបំផុតទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងការងារ។

នាយករដ្ឋមន្ត្រីព្រះរាជណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៏ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់នាយករដ្ឋមន្ត្រីឡាវបណ្ឌិតថងលូន ស៊ីសូលីត នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ បញ្ហាព្រំដែននៃប្រទេសទាំងពីរ បានក្លាយជាប្រធានបទស្នួល នៅក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ បញ្ហាព្រំដែន នៃប្រទេសទាំងពីរ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានជួបនូវបញ្ហារកាំរកូស នៅត្រង់ចំណុចមួយចំនួនដែលមិនទាន់បានបោះបង្គោល និងមិនទាន់មានការឯកភាព គ្នានៅឡើយ។

តាមរយៈជំនួបទ្វេភាគី ថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាព ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាងឲ្យបានឆាប់បំផុត នូវសន្ធិសញ្ញាស្តីពីការខណ្ឌសីមាព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងឡាវពាក់ព័ន្ធទៅនឹងការកំណត់ព្រំដែន ដែលភាគីទាំងពីបានកំណត់ខណ្ឌសីមា រួចរាល់ហើយចំនួន៨៦ភាគរយនៃខ្សែបន្ទាត់រវាងប្រទេសទាំងពីរ។

ចំពោះការកំណត់ព្រំដែនដែលនៅសេសស់ មិនទាន់ខណ្ឌសីម៉ា ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហាដោយសន្តិវិធីឲ្យបានឆាប់រហ័សបំផុត។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងសន្និសីទកាសែតរួមគ្នា នៅព្រឹកថ្ងៃព្រហស្បត្តិ៏នេះ។

នៅក្នុងសន្និសីទកាសែតរួមគ្នានោះ ឯ.ឧ ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានឯកភាពចំពោះសម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព។ កម្ពុជា-ឡាវ ក៏បានឯកភាពគ្នាក្នុង ការលើកកំពស់ទំនាក់ទំនងឲ្យដល់កំរិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងបំណងពង្រឹង និងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ មានព្រំខណ្ឌសីម៉ាជាប់គ្នាប្រវែង ប្រមាណជា៥៤០គ.ម ដោយបានឯកភាពគ្នា និងបានបោះបង្គោលខណ្ឌសីម៉ារួចរាល់បាន៨៦% នៃខ្សែព្រំដែនរួម ដោយបានបោះបង្គោលព្រំដែន បានចំនួន១២១បង្គោល លើចំនួនសរុប១៤៥បង្គោល ពោលគឺនៅសល់១៤%ទៀតប៉ុណ្ណោះ។

តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា ភាគីទាំងពីរ បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឯកសារ ចំនួន ៥
១. អនុស្សារណៈ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើ វិស័យ ការងារ រវាង ប្រទេសទាំងពីរ ២. កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល រវាងកម្ពុជា និងឡាវ ៣. កិច្ចព្រមព្រៀងទិញ-លក់ អគ្គិសនីរវាងអគ្គិសនីកម្ពុជា និងអគ្គិសនីឡាវ សម្រាប់ការនាំចូលអគ្គិសនីអនុភាព ៥០០ មេហ្គាវ៉ាត់ពីវារីអគ្គិសនី អាត់តាពើ ប្រទេសឡាវ ៤. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រ ផលិត អគ្គិសនីដុតធ្យូងថ្ម អនុភាព៦00 មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ និង ទី៥. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនីរវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុនXEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនី ដុត ធ្យូងថ្ម អនុភាព១៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង៕