ក្រសួងបរិស្ថាន ព្រមានអ្នកលក់វត្ថុអនុស្សាវរីយ៍ធ្វើពីសត្វព្រៃ ២៧កន្លែងនៅភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ២៧កន្លែង នៅក្នុងរាជធានីភ្នំពេញដែលសង្ស័យថា អាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃ និងតម្រូវឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះខុស នឹងច្បាប់ព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ដោយបាន បញ្ជាក់ថារហូតមកទល់ពេលនេះ ក្រសួងបរិស្ថានបានជូនដំណឹង ដល់ ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ ចំនួ ន៥៩ កន្លែងហើយ ក្នុងនោះរួមមានរាជធានីភ្នំពេញ ចំនួន ២៧កន្លែង ខេត្តសៀ មរាបចំនួន ៣០ កន្លែង និងខេត្តព្រះសីហនុចំនួន២ កន្លែង។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មមាន លាក់ទុក ឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះ សូមប្រញាប់ប្រគល់ជូនដល់ សមត្ថ កិច្ចហើយបើប្រសិនបើសមត្ថកិច្ចរកឃើញនិងចាប់បាននឹងចាត់វិធានការចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និង កុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃ គឺល្មើសច្បាប់ស្តីពីការ ការ ពារធម្មជាតិ ដែលប្រសិនបើរកឃើញថាមានកំហុស នោះនឹងត្រូវប្រឈមមុខនឹងការផាកពិន័យ យ៉ាងធ្ងន់ធ្ងរ និងប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារថែមទៀតផង។

គួរបញ្ជាក់ថា តាមច្បាប់ ការធ្វើពាណិជ្ជកម្ម ដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញទាំងនោះ គឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និង ត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងនៅក្នុង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម។

សូមបញ្ជាក់ថាកន្លងមក អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿង ចម្លាក់ពីភ្លុកដំរី កុយរមាសដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅ ប្រទេស ជាច្រើនករណី។ យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង៥តោន ត្រូវបានអាជ្ញាធរ កម្ពុជាបង្ក្រាប។ ក្រៅពីនោះក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងទៀត ដែលត្រូវបានអាជ្ញាធរ បង្ក្រាបបានផងដែរ៕