ខេត្តជាប់សមុទ្របន្តមានភ្លៀងធ្លាក់ ប៉ុន្តែមិនជន់លិចទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ ស្ថានភាពអាកាសធាតុ នៅមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ គឺផ្ទៃមេឃអ៊ួអាប់ មានភ្លៀងធ្លាក់ជាមិនដាច់តាំពីព្រឹកព្រលឹម បន្តរហូតមកដល់រសៀលថ្ងៃដដែលនេះ។

ដោយឡែក ចំពោះស្ថានភាពអាកាសធាតុ នៅលើលម្ហសមុទ្រវិញ ឃើញមានខ្យល់បោកបក់ខាំង និងមានរលកធំៗ។ យ៉ាងណាក៏ដោយចុះ ទឹកភ្លៀងមិនបានធ្លាក់មកគំហុកខ្លាំង នាំឲ្យមានការលិចលង់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ រស់នៅតំបន់ទំនាបទៀតទេ គិតត្រឹមម៉ោងជិត២រសៀលថ្ងៃទី១៧ ខែកញ្ញានេះ។

ទាក់ទិនបញ្ហាអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចកហតីជូនដំណឹងបន្ថែម ដើម្បីរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា ជាពិសេសខេត្តកោះកុង និងខេត្ត ព្រះសីហនុជាដើម ឲ្យប្រុងប្រយ័ត្នខ្ពស់ពីគ្រោះជំនន់ទឹកភ្លៀង។

សេចក្តីជូនដំណឹងបន្ថែមស្តីពី ស្ថានភាពអាកាសធាតុ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្ហាញថា យោងតាមការវិវត្ត នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ប្រព័ន្ធសម្ពាធទាប (ITCZ) បាននឹងបន្តអូសបន្លាយលាតសន្ធឹងពីលើប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះ បណ្តាលឲ្យខេត្តមួយចំនួន បាននឹងកំពុងរងការយាយីពីជំនន់ទឹកភ្លៀង។

ត្រង់ចំណុចនេះ ក្រសួងធនធានទឹក ប្រកាសថា អាស្រ័យដោយប្រព័ន្ធសម្ពាធទាប កាន់តែបង្កើនទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជានោះ ក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការជូនដំណឹងបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលបង្កដោយភ្លៀងច្រើនលើសលុប។ ជាពិសេសខេត្តកោះកុង, ព្រះសីហនុ, កំពង់ស្ពឺ, កំពង់ធំ, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, សៀមរាប, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩៕