អង្គភាពអ្នកនាំពាក្យ ធ្វើសន្និសីទសារព័ត៌មានករណីលោក សម រង្ស៉ី ប្រមាថព្រះមហាក្សត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2019 ក+ ក-

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៩ខែកញ្ញានេះបានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីករណីប្រមាថព្រះចេស្ដាអង្គព្រះមហាក្សត្រ ពីសំណាក់ទណ្ឌិត សម រង្ស៊ី នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ ដោយមានការចូលរួមពី បណ្ឌិតសភាចារ្យ រស់ ចន្រ្តា បុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ និងឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
អ្នកនាំពាក្សរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឡើងឡើងថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីគោលការណ៍ និងវិធានច្បាប់ ដែលមានចែងជាធរមាន ក្នុងករណីធ្វើឲ្យប៉ះពាល់ ដល់ព្រះកិត្តិនាម អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខ្មែរសេរីថ្មី ដែកជាជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើ លើព្រះចេស្តា អង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ងរបស់ទ្រង់។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្ស ក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានបង្ហាញពី អធិបញ្ជារបស់ក្រសួងយុត្តិធម៌ជាលើកទី២ ជូនអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះទង្វើទណ្ឌិត សម រង្ស៉ី ទៅតាមទោសទណ្ឌដែលទណ្ឌិតរូបនេះ បានប្រព្រឹត្តក្បត់ជាតិសាសន៍និងព្រះមហាក្សត្រខ្លួនឯង ក្នុងបំណងយកឈាមប្រជាពលរដ្ឋខ្មែរ ក្រាលជាព្រហ្មដើម្បីដើរទៅកាន់អំណាចផ្ទាល់ខ្លួន។

សូមរំលឹកថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ចំណែកបណ្ឌិត សភាចារ្យ រស់ ចន្រ្តាបុត្រ សាស្ដ្រាចារ្យវិទ្យាសាស្ដ្រ នយោបាយបានបង្ហាញពីទិដ្ឋភាពនយោបាយ និងទិដ្ឋភាពប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្លាប់បានរងគ្រោះ និងជួបប្រទះពីមួយរបបទៅមួយរបប ដោយគ្រាន់តែដូរការបរិច្ឆេទនិងតួរអង្គផ្សេងគ្នា ប៉ុន្តែសាច់រឿងគឺដដែលជាដដែល រួមទាំងទំនាក់ទំនងជាពិភពលោកនៅតែដដែលជាដដែល។

លោកបណ្ឌិតសភាចារ្យ បញ្ជាក់ថា អ្វីដែល សម រង្ស៊ី បាននិងកំពុងធ្វើ ជារៀងរាល់ថ្ងៃនេះ គឺជាការប្រឆាំងទៅនិងប្រជាពលរដ្ឋខ្មែរ ប្រឆាំងនិងរាជានិយមនៅកម្ពុជា និងបានទាត់ចោលរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលពលរដ្ឋខ្មែរទូទាំងប្រទេសបានបោះឆ្នោតទទួលស្គាល់ និង អ្វីដែលប្រទេសនានានៅលើពិភពលោកបានទទួលស្គាល់ដែរ។

ចំពោះការវាយប្រហារមកលើព្រះមហាក្សត្រគឺជាការប្រមាថមកលើប្រជាពលរដ្ឋខ្មែរទាំងមូល ពោលគឺ សម រង្ស៊ី អត់ទទួលស្គាល់អ្វីដែលជាច្បាប់ អ្វីដែលជារដ្ឋធម្មនុញ្ញនៅកម្ពុជា មិនតែប៉ុណ្ណោះបានប្រកូកប្រកាសកងទ័ពឱ្យប្រមូលផ្តុំតាមការដឹកនាំរបស់ខ្លួន តាមរយៈការផ្តល់លុយជួលកងទ័ព ឱ្យវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា មកលើសង្គមខ្មែរនេះតទៅទៀត។

លោក រស់ ចន្រ្តាបុត្រ រាល់សកម្មភាពរបស់សម រង្ស៊ី គឺជាសកម្មភាព ភេរវកម្ម ចង់បំផ្លាញ សុខសន្តិភាពរបស់កម្ពុជា ចង់បំផ្លាញនូវសមិទ្ធិផល ដែលកំពុងតែមានការរីចម្រើននិងកំពុងវិវត្តទៅមុខ ក្រោមការគាំទ្រពីក្នុងស្រុក និងក្រៅប្រទេសជាទូទៅ។ ឯកឧត្តម បណ្ឌិត ចាត់ទុកសកម្មភាពនយោបាយរបស់ សម រង្ស៊ី ថាកំពុងតែបំផ្លាញសង្គមជាតិខ្មែរទាំងមូល ក្រោមមហិច្ឆិតាវាទីនិយមរបស់បរទេស ក្នុងភ្លើងសង្រ្គាមត្រជាក់មកលើកម្ពុជា ដែលជានយោបាយធ្វើអត្តឃាដខ្លួនឯង។ ឯកឧត្តម សុំឱ្យសហរដ្ឋអាមេរិក ដែលជាចៅហ្វាយ របស់ សម រង្ស៊ី ពិចារណាទៅលើសកម្មភាពភេរវកម្មរបស់ ទណ្ឌិតរូបនេះ នៅលើទឹកដីអាមេរិក៕