ពេលបុណ្យភ្ជុំបិណ្ឌ១៥ថ្ងៃ មានគ្រោះអគ្គិភ័យ៣០លើក នៅទូទាំងប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2019 ក+ ក-

ភ្នំពេញ ៖ គ្រោះអគ្គិភ័យរយៈពេល១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ បានកើតឡើងចំនួន ៣០លើក ក្នុងនោះនៅរាជធានីភ្នំពេញ បានកើតឡើងចំនួន ១០លើក, បាត់ដំបង ៥លើក, ស្ទឹងត្រែង ១លើក, ព្រះសីហនុ ៣លើក, ត្បូងឃ្មុំ ១លើក, សៀមរាប ២លើក, កំពង់ធំ ៣លើក, ព្រៃវែង ២លើក,កំពង់ស្ពឺ ២លើក និងកំពង់ចាម ១លើក។

ក្នុងរបាយការណ៍របស់នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះការិយាល័យហ្វឹកហ្វឺន និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ ឲ្យដឹងថា ចំពោះសម្ភារៈ ដែលបានខូចខាតក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះរួមមាន ៖ឆេះផ្ទះ ២៩ខ្នង,បន្ទប់ ១បន្ទប់,បឹងហ្គាឡូ ២ខ្នង,តូបលក់គ្រឿងទេស ២តូប,រោងសិប្បកម្មបាយក្តាំង ១ខ្នង ព្រមទាំងស្លាប់មនុស្ស ២នាក់ និងរងរបួស ៨នាក់។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យរួមមាន ៖ ឆ្លងចរន្តអគ្គិសនី ១៥លើក,ភ្លើងទៀនធូប ១លើក,ផ្ទុះហ្គាស ៣លើក,ក្មេងលេងភ្លើង ២លើក,ដុតខ្លួនធ្វើអត្តឃាត ៤លើក,ឆាបសាំង ១លើក,បាក់បំពង់បឺតផ្សែង១លើក ,រថយន្តបុកម៉ូតូ ១លើក និងក្តាប់មិនបានពីមូលហេតុ ចំនួន ២លើក។

នៅក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា គ្រោះអគ្គិភ័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅក្នុងឆ្នាំ២០១៩ នេះ មានការកើនឡើងចំនួន ១២លើក បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ៕