បុណ្យភ្ជុំ៣ថ្ងៃខេត្តសៀមរាបទទួលបានភ្ញៀវជាង២៤ម៉ឺននាក់ ខណៈខេត្តកំពតទទួលបានជាង១២ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ ខេត្តសៀមរាប ទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ២៤៤ ០៧៥នាក់ កើនឡើង ៥.០១% ក្នុងនោះភ្ញៀវទេសចរជាតិមានការកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបែរជាធ្លាក់ចុះប្រមាណ៣៧,២៣% បើធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០១៨។ ដោយឡែកសម្រាប់ខេត្តកំពតទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ១២ ម៉ឺន ២៤៩៤នាក់ កើនឡើង ៤,១៣ភាគរយ ខណៈស្ថានភាពទូទៅជុំវិញខេត្តក៏មានភាពល្អប្រសើរ ពោលគឺគ្មាន បញ្ហាណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ និងលោក សយ ស៊ីណុល ប្រធានមន្ទីរ ទេសចរណ៍ ខេត្តកំពតព្រឹកថ្ងៃទី៣០ កញ្ញានេះបានឱ្យដឹងថា ភ្ញៀវទេសចរដែលមកទស្សនាខេត្តរបស់អស់លោក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា មានការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងកាលពីពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន ជាពិសេសភ្ញៀវទេសចរជាតិ នេះក៏អាស្រ័យដោយសារជីវភាពរបស់ប្រជាជនមានលក្ខណៈកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសមន្ទីរទេសចរណ៍ខេត្ត រួមជាមួយអាជ្ញាធរ ពាក់ព័ន្ធរៀបចំបានល្អនូវកន្លែងសម្រាប់ការកំសាន្តសប្បាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះជាពិសេសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តែងតែណែនាំមកមន្ទីរទេសចរណ៍រាជធានី ខេត្ត ឱ្យយកចិត្តទុកដាក់ជាប្រចាំចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាល្អជូនភ្ញៀវទេសចរ មិនថាភ្ញៀវជាតិ ឬអន្តរជាតិឡើយ៕