សមាសភាពអតីតបក្សប្រឆាំង ៣០ នាក់ ត្រូវបានឃុំខ្លូនពីបទ«រួមគំនិតក្បត់»ជាមួយលោក សម រង្ស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2019 ក+ ក-

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅកម្ពុជា ជិត៣០រូបហើយ ដែលត្រូវបានចាប់ និងឃុំខ្លួនបណ្តោះអាសន្នដោយជាប់ពាក់ព័ន្ធនឹងការកៀរគរប្រជាពលរដ្ឋ ដើម្បីចូលរួមគាំទ្រគម្រោងវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។អ្នកទាំងនោះ ត្រូវតុលាការចោទពី បទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរដល់សង្គម»។

(លោក ម៉ោញ សារ៉ាត់ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧត្តរមានជ័យ)

ដោយឡែក សមត្ថកិច្ចស្រុកបាធាយ ក្នុងខេត្តកំពង់ចាម នៅថ្ងៃអង្គារ ទី១ ខែតុលា នេះ បានចាប់ខ្លួនលោក ដុង សុវណ្ណរិទ្ធិ ប្រធានយុវជនអតីតគណបក្សសង្រ្គោះជាតិ ដល់គេហដ្ឋានដោយមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយ។ ចំណែកសកម្មជន ១៦១នាក់ទៀត ត្រូវបានតុលាការចេញដីកាកោះហៅ និងចោទប្រកាន់ជាបន្តបន្ទាប់ ពីបទប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាល។ នេះបើតាម លោក ឃិន ជំរឿន ប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នៅថ្ងៃអង្គារ នេះ។

ពោះលោក ម៉ោញ សារ៉ាត់ ប្រធានក្រុមការងារអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តឧត្តរមានជ័យ បានភៀសខ្លួនទៅប្រទេសថៃ ដែលលោកក៏ស្ថិតក្នុងចំណោមសកម្មជនទាំង៣០នាក់នោះដែរ ដែលត្រូវបានអយ្យការអមសាលាដំបូងខេត្តចំនួន ៤ រួមមាន ខេត្តស្វាយរៀង កំពង់ចាម ឧត្តរមានជ័យ រតនគិរី កាលពីពេលថ្មីៗនេះ ចេញដីកាចោទប្រកាន់ នៅក្នុងសំណុំរឿងដូចគ្នាពីបទ “រួមគំនិតក្បត់” តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជាបន្ទាប់ពីធ្វើសកម្មភាពប្រមូលផ្តុំឃោសនាគាំទ្រផែនការលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ។

លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គម Facebook បានបញ្ជាក់ថា មាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ គឺមិនមែនជាបដិវត្តន៍ពណ៌ទេ ហើយក៏មិនមែនជារដ្ឋប្រហារ ដូចអ្វីដែលប្រុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានអះអាងនោះដែរ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យគណបក្សកាន់អំណាច រួមទាំងរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកគម្រោងរបស់លោក សម រង្ស៊ី នេះថា ជាផែនការបដិវត្តពណ៌ និងជារដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ជាមួយគ្នានេះ

ក្រសួងយុត្តិធម៌កម្ពុជាបានព្រមានថា បុគ្គលទាំងឡាយណាដែលមានចេតនាគាំទ្រអតីតមេបក្សប្រឆាំង ត្រូវតែបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនចង់ឲ្យមានការចាប់ខ្លួន ជាបន្តបន្ទាប់ទៅតាមច្បាប់របស់កម្ពុជា៕