ការស្លាប់ដោយសារជំងឺមិនឆ្លងមានដល់៥២ភាគរយ មួយផ្នែកធំគឺបញ្ហាបេះដូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2019 ក+ ក-

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ សុខ ជួ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបញ្ជាក់ថា ជំងឺមិនឆ្លង កំពុងសម្លាប់ពលរដ្ឋកម្ពុជារហូតដល់ ៥២ភាគរយ ដែលក្នុងចំណោមនោះ ជំងឺ២៤ភាគរយស្លាប់ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសន្និសីទវេជ្ជសាស្ត្រលើកទី៦ ស្តីពីការថែទាំងសុខភាពបេះដូង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែតុលា នេះ។

ថ្លែងនៅក្នុងសន្និសីទវេជ្ជសាស្ត្រលើកទី៦ ស្តីពីការថែទាំងសុខភាពបេះដូង នៅព្រឹកថ្ងៃទី០៥ តុលា លោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបញ្ជាក់ថា ជំងឺបេះ ដូងគឺជំងឺគួរឲ្យព្រួយបារម្ភមួយ មិនថានៅកម្ពុជា រឺនៅពិភពលោកនោះទេ ត្បិតជំងឺបេះដូងជាជំងឺទី១ ដែលបានសម្លាប់មនុស្សច្រើនជាងគេ ក្នុងចំណោមជំងឺមិនឆ្លងនានា។ បើតាមលោក សាស្ត្រាចារ្យ បានបញ្ជាក់ថា ការប្រារព្ធសន្និសីទជារៀងរាល់ឆ្នាំនេះ គឺដើម្បីចែករំលែកចំណេះដឹងថ្មីៗ នៃវិស័យ វេជ្ជសាស្ត្រ ទាក់ទងជំងឺបេះដូង និងធ្វើការផ្លាស់ប្តូរបទពិសោធន៏ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពគ្រូពេទ្យខ្មែរ ក្នុងការថែទាំ និងព្យាបាលជំងឺបេះដូង។
លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកទឹក ចិត្តដល់គ្រូពេទ្យឲ្យ បង្កើនសមត្ថភាពចំណេះជំនាញបន្ថែមឲ្យជាប្រចាំ ដើម្បី ដើរឲ្យទាន់ភាពរីកចំរើននៃសាកលលោក និងឆ្លើយតបទៅនឹងជំងឺដែលចេះតែ មានការកើតឡើងប្លែកៗពីមួយឆ្នាំទៅមួយឆ្នាំ។ ឯ.ឧ បានជំរុញ ឲ្យសមាគម ជួយធ្វើការបណ្តុះបណ្តាលគ្រូពេទ្យជំនាញបេះដូងនេះ ឲ្យបានកាន់តែច្រើនថែមទៀត ព្រោះជំងឺបេះដូងនៅកម្ពុជា កាន់តែមានច្រើន និងសម្លាប់មនុស្សច្រើនផងដែរ។
គួរកត់សំគាល់ដែរ មជ្ឈមណ្ឌលបេះដូងទី១របស់កម្ពុជា ត្រូវបានបើកឲ្យដំណើរកាលពីឆ្នាំ២០០១ ដោយបានដាក់ឲ្យដំណើរការវះកាត់បេះដូង បានយ៉ាងច្រើន ដូចជាការវះកាត់ប្តូរសរសៃឈាម បេះ ដូង ប្តូរប្រឹសបេះដូង វះកាត់ បេះដូងពីកំណើត ជួសជុលសរសៃឈាមបេះដូងជាដើម។ ប៉ុន្តែកម្ពុជាត្រូវការអភិវឌ្ឍសមត្ថភាព និងត្រូវការឧបករណ៏ទំនើបៗបន្ថែមទៀត ដើម្បីការវះកាត់កាន់ តែមានប្រសិទ្ធភាព៕