សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកងទ័ពត្រៀមវាយកម្ទេចចលនាផ្តួលរំលំរាជរដ្ឋាភិបាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះ បានប្រកាសយ៉ាងម៉ឺងមាត់ឲ្យកងទ័ពធ្វើសកម្មភាព ដើម្បីវាយកម្ទេចចលនាក្បត់ជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី។ សម្តេចតេជោ បានបញ្ជាដាច់ណាត់ទៅកម្លាំងមានសមត្ថភាព ឲ្យចាប់ខ្លួនអ្នកណាក៏ដោយ ដែលចូលរួមចលនាក្បត់ជាតិនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ បានប្រាប់ទៅកងកម្លាំងមានសមត្ថកិច្ច ឲ្យចាប់ខ្លួនអ្នកដែលចូលរួមចលនាក្បត់ជាតិឲ្យខានតែបាន ដើម្បីរក្សាសន្តិភាព។ សម្តេចតេជោ ក៏បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ឲ្យចេញធ្វើសកម្ម ភាពនៅពេលណាក៏ដោយ ឲ្យតែមានចលនាប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គោលដៅរបស់ក្រុមឧទ្ទាមមិនមែនគ្រាន់តែចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះទេ ពោលពួកគេក៏មានបំណងចង់រំលាយរបបរាជានិយមថែមទៀតផង ដែលទង្វើរនេះមិនអាចអត់ឱនឲ្យបានជាដាច់ខាតនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរៀបចំពិធីទទួលទានអំបុកខ្មែរ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីឆ្លើយតបទៅនឹងផែនការទុច្ចរិតរបស់លោក សម រង្ស៊ី ក្នុងការធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ក្រោមលេសវិលចូលស្រុកនៅថ្ងៃទី០៩ វិច្ឆិកាខាងមុខនេះ៕