រាជរដ្ឋាភិបាលនឹងបង្កើនប្រាក់សម្រាប់ការអភិវឌ្ឍឃុំ ពី៧ម៉ឺន ដល់១០ម៉ឺនដុល្លារ ចាប់ពីឆ្នាំ២០២០ តទៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2019 ក+ ក-

ភ្នំពេញ ៖ កញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០ តទៅ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើនជាមធ្យមប្រមាណ ៧ម៉ឺនដុល្លារ អាមេរិក ហើយសម្រាប់ឃុំដែលមានភូមិសាស្ត្រធំ អាចទទួលបានរហូតដល់ ១០ម៉ឺនដុល្លារអាមេរិក ក្នុង១ឆ្នាំ ដែលការសម្រេចសម្រាប់ការអភិវឌ្ឍនៅថ្នាក់ឃុំនេះ គឺមិនដែលមានទាល់តែសោះនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ នេះបើ តាមការបញ្ជាក់របស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅក្នុងមហាសន្និបាតអាណត្តិទី២ របស់ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៨ តុលានេះ។

លោក សក់ សេដ្ឋា មានប្រសាសន៍ថា តាមការសិក្សាស្រាវជ្រាវរបស់ឯកឧត្តមផ្ទាល់មិនបានរកឃើញ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជារាប់រយ រាប់ពាន់ឆ្នាំមកថា រដ្ឋបានទម្លាក់ថវិកាជាតិទៅឱ្យឃុំសម្រាប់ការអភិវឌ្ឍ ឡើយ គឺទើបតែសម័យយើងនេះទេ ដែលរដ្ឋបានទម្លាក់ថវិកាទៅឱ្យឃុំ សង្កាត់ ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋាន របស់ខ្លួន ហើយក្នុងនោះសម្រាប់ឆ្នាំ២០២០ខាងមុខនេះតទៅ រាជរដ្ឋាភិបាលនឹងបង្កើនថវិកាសម្រាប់ការអភិវឌ្ឍ នេះរហូតដល់ ៧ម៉ឺនដុល្លារអាមេរិកសម្រាប់ឃុំនីមួយៗ ហើយបើឃុំនោះមានទំហំធំនឹងអាចទទួលបានរហូតដកល់ ១០ម៉ឺនដុល្លារអាមេរិកឯណោះ នេះមានន័យថា ឃុំអាចទទួលបានកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍគុណនឹងពីរ ឬ គុណនឹងបីដង នេះបើប្រៀបធៀបនឹងទំហំថវិកាសម្រាប់ការអភិវឌ្ឍឃុំនាពេលបច្ចុប្បន្ន ហើយដល់ឆ្នាំ២០២៣ ទំហំថវិកានេះអាចនឹងកើនរហូតដល់ជាង ១០ម៉ឺនដុល្លារអាមេរិកសម្រាប់មួយឃុំ ហើយបើឃុំនោះធំអាចទទួលបាន ជាង ២០ម៉ឺនដុល្លារអាមេរិក ដែលកញ្ចប់ថវិកានេះគឺជាធនធានដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ ពលរដ្ឋនៅក្នុងមូលដ្ឋានតាមរយៈការអភិវឌ្ឍឃុំរបស់គាត់។

បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ដដែលថា ការបង្កើនថវិកា សម្រាប់ការអភិវឌ្ឍនេះធ្វើឡើងសម្រាប់តែឃុំនៅតាមជនបទតែប៉ុណ្ណោះ តែសម្រាប់សង្កាត់ ជាពិសេសសង្កាត់នៅ ក្នុងរាជធានីភ្នំពេញ គឺមិនអាចទទួលបានទេ ព្រោះយើងគិតថាសង្កាត់ទាំងឡាយនៅភ្នំពេញ គឺអាចមានលទ្ធភាព សម្រាប់ការអភិវឌ្ឍដោយខ្លួនឯងហើយ៕