ការ​បើកឲ្យសួរដេញដោលពីព្រំដែនគោកកម្ពុជា-វៀតណាម ដើម្បីកុំឲ្យក្លាយជាឧបករណ៍នយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2019 ក+ ក-

ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដឹកនាំដោយ លោក កែម រិទ្ធិសិត ប្រធានប្តូរវេន នៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានកោះអញ្ជើញ លោក ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មការ ព្រំដែនកម្ពុជា និងមន្ត្រីរបស់ទទួលបន្ទុកការងារព្រំដែន មកផ្តល់បទបង្ហាញពិគ្រោះស្វែងយល់អំពី បរិបទ នៃការកំណត់ខណ្ឌសីមា និងដំណើរការ នៃការបោះបង្គោលព្រំដែនគោគរវាងប្រទេសទាំងពីរ កម្ពុជា និង វៀតណាម។

បើតាម លោក ឈឹម ផលភារុណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងឱ្យដឹង ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំផ្តល់បទបង្ហាញពិគ្រោះស្វែងយល់នោះថា នេះជាការផ្តល់បទបង្ហាញពិគ្រោះស្វែងយល់លើបរិបទ នៃការកសាងព្រំដែន ក្នុងបំណងចង់បង្ហាញពីការកសាងព្រំដែនដោយឈរលើបូរណៈភាពទឹកដី ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ ដើម្បីជំនួសការយកបរិបទព្រំដែន រឿងរ៉ាវប្រវត្តិសាស្រ្ត ឬជម្លោះពីអតីកាល មកធ្វើជាឧបករណ៍នយោបាយវាយប្រហារ ចាក់ដោត បំផ្ទុះកំហឹងជាតិនិយមជ្រុល បង្កើតឱ្យមានអរិភាពផ្ទៃក្នុង ក្នុងសង្គមជាតិខ្មែរ ដើម្បីបំរើមហិច្ឆិតានៃការប្រជែងអំណាច ក្នុងប្រព័ន្ធពហុបក្សនៅកម្ពុជា។

លោកបន្តថា ការប្រើយន្តការពហុបក្ស ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើប្រធានបទ នៃការកសាងព្រំដែនរវាង កម្ពុជា និង វៀតណាមដែលបានសម្រេចចំនួន៨៤%នេះ ដើម្បីស្វែងយល់គ្នា រកឃើញការពិត ក៏ដូចជាជម្រះមន្ទិលទៅលើការចោទប្រកាន់ពីក្រុមអ្នកនយោបាយនានាថា កម្ពុជាបាត់បង់បូរណៈភាពទឹកដី។ កិច្ចពិគ្រោះនិងផ្តល់យោបល់នេះ ក៏មានការចោទសួរ យ៉ាងផុលផុស ពីក្រុមបក្សនយោបាយ និងមានការបកស្រាយ ពន្យល់យ៉ាងច្បាស់លាស់ទៅតាមឯកសារគោលដែលកំណត់ដោយច្បាប់ ពីក្រុមការងារអាជ្ញាធរជាតិ ទទួលបន្ទុកព្រំដែនផងដែរ។

ចំណែក លោក ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានប្រតិភូអាជ្ញាធរជាតិទទួលបន្ទុកព្រំដែនបានបង្ហាញថា ការកសាងព្រំដែន រវាងប្រទេសទាំងពី កម្ពុជា វៀតណាម នេះ រាជរដ្ឋាភិបាលបានប្រើប្រាស់យន្តការឧត្តមគតិជាតិ ការពារបូរណៈភាពទឹកដី និងប្រើវិធីផ្លាស់ប្តូរដើម្បីឱ្យការបោះបង្គោលព្រំដែននេះ ក្លាយជាព្រំដែន សន្តិភាព និងការអភិវឌ្ឍន៍។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ការងារបោះបង្គោលព្រំដែននេះ មិនអាចសម្រេចទៅបាននោះឡើយ ប្រសិនបើគ្មានការជម្នះ និងពុះពារនូវឧបសគ្គ តាំងពីមន្ត្រីគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ជាពិសេសបើគ្មានការគាំទ្រពីសំណាក់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំរបស់វៀតណាមទេនោះ។

គួររំលឹកថា មកដល់ពេលនេះ កម្ពុជា-វៀតណាម បានឈានដល់ការចុះហត្ថលេខា លើឯកសារជាប្រវត្តិសាស្ត្រ ក្នុងការទទួលស្គាល់បង្គោលព្រំដែន នៃប្រទេសទាំងពីរ ដែលសម្រេចបាន៨៤% ហើយភាគទាំងពីរ សន្យាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់១៦ភាគរយទៀត ប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកលទ្ធផលនេះ ជាលទ្ធផលមួយដ៏រីករាយនិងគួរជាទីមោទនភាព និងបញ្ជាក់យ៉ាងច្បាស់ពីដំណោះស្រាយព្រំដែន រវាងប្រទេសទាំងពីរ បានបោះជំហានទៅមុខជាលំដាប់គួរឱ្យមោទនភាពបំផុត។ សមិទ្ធផលផ្លែផ្កាដ៏ធំធេង ដែលប្រទេសទាំងពីរសម្រេចបាននេះ កើតចេញដោយការស្វះស្វែងរកដំណោះស្រាយរួម ប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមក។ បើសិនប្រទេសទាំងពីរ មិនប្រឹងប្រែង បញ្ចប់បញ្ហាព្រំដែននេះទេ កម្ពុជា និងវៀតណាម នឹងនៅតែកើតមានទំនាស់ ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយ ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែនឹងមិនអាចកើតមានបានទេ។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានអំពាវនាវទៅដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ចូលរួមថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជានិច្ចនិរន្ត ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសទាំងពីរ៕