អភិបាល​ខេត្តកំពង់ចាម​ អំពាវនាវឲ្យចូលរួមការពារសន្តិភាពទើបសង្គមជាតិរីកចម្រើន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2019 ក+ ក-

កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ជឿតាម​ការ​ញុះញង់​អូសទាញ​ បំផុសបំផុល​ឲ្យ​បងប្អូន​ ចូលរួមបង្ក​ភាព​ចលាចល​ បំផ្លិចបំផ្លាញ​សុខសន្តិភាព​ដែល​កំពុង​តែ​មាន​ស្រាប់​ ដេីម្បី​បំពេញ​មហិច្ឆតា​របស់​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួនណា​នោះ​ ហើយងាក​មក​ចូលរួម​ការ​ពារ​សុខសន្តិភាព​ឲ្យ​បាន​គង់វង្ស​ ព្រោះ​មាន​សុខសន្តិភាព​ ទេីប​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ដល់​សង្គម​ជាតិរបស់​យើង​ទាំង​មូល​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ និង​ចែក​ពូជ​ស្រូវ​ជូន​បងប្អូន​ប្រជាកសិករ​ ចំនួន១០១គ្រួសារ មកពីឃុំចំនួន០២ ក្នុងស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​ នារសៀលថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៩នេះ។

ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត​ ក៏បាន​ជម្រាប​ជូន​​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​​​ចូលរួមពិធី​ពិសារ​អំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ​ នៅថ្ងៃទី០៩ ខែវិច្ឆិកា​ ខាង​មុខ​នេះ​ នៅតាមវត្តអារាមនានា ក៏ដូចជានៅតាម​ផ្ទះ​បងប្អូន​ ​ក៏សូម​រៀបចំ​​ពិធី​នេះផងដែរ​ ពិសេស​ត្រូវចូលរួមប្រឆាំងជាដាច់ខាត់​ចំពោះ​កា​ប៉ុនប៉ង បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផងដែរ​។​​

បេីយោងតាម​របាយការណ៍​របស់​ លោក​ អូត ឈាងលី អភិបាល​ស្រុក​ជេីងព្រៃ​ បាន​បញ្ជាក់​ថា​​ ឃុំព្រៃចារ និងឃុំសូទិព្វ មានផ្ទៃដីអនុវត្តជាក់ស្តែងសរុបបានចំនួន១ ១០៤ហិកតា ក្នុងនោះមាន០៦ភូមិ ស្មើនឹង១០១គ្រួសារ បានទទួលផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ​ លើដំណាំស្រូវរដូវវស្សា មានចំនួន៤៥ហិកតា។

ចំណែកឯផ្ទៃដីខូចខាតវិញនោះ សរុបមានចំនួន៤២ ហិកតា ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន១០១គ្រួសារ ។ចំពោះលទ្ធភាពដែលអាចស្តារឡើងវិញ សម្រាប់គ្រួសារទាំង១០១គ្រួសារនោះ មានតែស្រូវស្រាលធម្មតាចំនួន៤២ ហិកតា ប៉ុណ្ណោះ​ ៕​ ដោយ : សុផល