ជប៉ុន ប្រកាសបន្តផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2019 ក+ ក-

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ឲ្យដឹងថា ជប៉ុនបានសម្រេចបន្តជួយអង្គជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា និងខិតខំប្រឹងប្រែង ផ្តល់ការគាំទ្រថវិកាបន្ថែមទៀត។ ប្រទេសជប៉ុនជាម្ចាស់ជំនួយធំជាងគេរបស់សាលាក្តីខ្មែរក្រហម ដែលបានផ្តល់វិភាគទានថវិកាចំនួនជាង ៨៧ លានដុល្លាអាមេរិកដល់សាលាក្តីខ្មែរក្រហម។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបញ្ជាក់ជូនលោក ឯកអគ្គរាជទូតថ្មីរបស់ប្រទេសជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ នៅព្រឹកម៉ិញថា ការចូលរួមវិភាគទានហិរញ្ញវត្ថុរបស់ជប៉ុន ដើម្បីគាំទ្រដំណើរការរបស់សាលាក្តីខ្មែរក្រហម ក្នុងការនាំយកអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមកជំនុំជម្រះក្តី គឺពិតជាមានសារៈសំខាន់ និងបានចូលរួមក្នុងដំណើរការនាំយកយុត្តិធម៌ជូនជនរងគ្រោះ ក៏ដូចជាបានចូលរួមក្នុងការផ្សះផ្សាជាតិ និងពង្រឹងសន្តិភាពនៅកម្ពុជា»។ លោក ក្រាញ់ តូនី បានជម្រាបជូនឯកអគ្គរដ្ឋទូតជប៉ុនអំពីការវិវឌ្ឍន៍ថ្មីរបស់សាលាក្តីខ្មែរក្រហមទាំងផ្នែកដំណើរការសំណុំរឿង ផ្នែកហិរញ្ញវត្ថុ និងការងារផ្សព្វផ្សាយអំពីដំណើរការតុលាការទៅកាន់សាធារណជន គ្រាដែលសាធារណជនជិត៧សែននាក់ទទួលបានផលប្រយោជន៍ពីការងារផ្សព្វផ្សាយនេះ។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានគូបញ្ជាក់ថាប្រទេសជប៉ុននៅតែបន្តគាំទ្រដំណើរការសាលាក្តីខ្មែរក្រហមនេះ និងខិតខំប្រឹងប្រែងផ្តល់ការគាំទ្រថវិកាបន្ថែមទៀត។ លោកថ្លែងថា សាលាក្តីខ្មែរក្រហមបានដើរតួនាទី យ៉ាងសំខាន់ក្នុងការធ្វើឱ្យពិភពលោកបានដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដនៅក្នុងអតីតកលានៃរបបខ្មែរក្រហម។

បើតាម លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមឲ្យដឹងថា គិតរហូតមកដល់ខែមីនា ឆ្នាំ២០១៩ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានទទួលថវិកាវិភាគទាន ពីបណ្តាប្រទេសផ្តល់ជំនួយមានចំនួនសរុបជាង៣០៣,៥ លានដុល្លាអាមេរិក។ ក្នុងនោះថវិកាចំនួនជាង២២១ លានដុល្លាអាមេរិក សម្រាប់ភាគីអន្តរជាតិ និងជាង៨២លានដុល្លាអាមេរិក សម្រាប់ភាគីជាតិនៃអ.វ.ត.ក។ លោកបញ្ជាក់ថា ប្រទេសជប៉ុនជាម្ចាស់ជំនួយធំជាងគេរបស់សាលាក្តីខ្មែរក្រហមដែលបានផ្តល់វិភាគទានថវិកាចំនួនជាង៨៧ លានដុល្លាអាមេរិកដល់សាលាក្តីខ្មែរក្រហមក្នុងនោះជាង ៧១លានដុល្លារអាមេរិកជូនដល់ភាគីអន្តរជាតិ និងជាង១៦លានដុល្លារអាមេរិកផ្តល់ដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកថវិកាជាសាច់ប្រាក់សរុបជិត៣៣លានដុល្លាអាមេរិក ដែលក្លាយជាអ្នកផ្តល់ថវិកាច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសជប៉ុន។

បើគិតរួមទាំងការផ្តល់ជាសម្ភារ រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកមានទឹកប្រាក់សរុបចំនួនប្រមាណ៥០លានដុល្លាអាមេរិក)។ សម្រាប់ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាចំនួន ៣,៩ លានដុល្លាអាមេរិក ដែលស្មើនឹង៧២% នៃគម្រោងថវិកាដែលបានអនុម័តចំនួន៥,៤លានដុល្លាអាមេរិក សម្រាប់ភាគីជាតិនៃ អ.វ.ត.ក។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាទ្រទ្រង់១០០%នៃចំណាយប្រតិបត្តិការទូទៅរបស់ អ.វ.ត.ក និងចេញប្រាក់ខែបុគ្គលិកជាតិយ៉ាងតិច៦ខែ៕