៧ឆ្នាំគត់ ប្រជារាស្ត្រខ្មែរនៅតែចងចាំព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2019 ក+ ក-

ភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២-១៥ ខែតុលា ឆ្នាំ២០១៩ ជាថ្ងៃគម្រប់ខួប ៧ឆ្នាំ ដែលអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នៃយើង ព្រះអង្គបានយាងសោយទីវង្គត ប៉ុន្តែសេចក្តីនឹករលឹក និងការចងចាំរបស់ប្រជារាស្រ្ត ជាកូន ជាចៅ ចៅទួត នៅតែដក់ជាប់ជានិច្ច ក្នុងក្រអៅបេះដូង នូវព្រះរាជបូជនីយកិច្ច ចំពោះជាតិមាតុភូមិរបស់ព្រះអង្គ ហើយស្ថាប័នសំខាន់ៗ នៅកម្ពុជានឹងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ។

ឆ្លៀតក្នុងឱកាសនេះ ទំព័រហ្វេសប៊ុកព្រះបរាមរាជវាំង បានផ្សព្វផ្សាយពីសំណេររៀបរាប់ពីស្ថានភាពព្រះរាជអាការរបស់ព្រះបាទនរោត្តមសីហនុ មុនពេលស្តេចយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

ក្នុងសំណេរបានរំលឹកថា នៅយប់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១២ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គចាប់ផ្តើមចាប់ចុកព្រះឱរាព្រះហទយៈ (បេះដូង) ភ្លាមៗជាបន្ទាន់នោះ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រមទាំងកូនចៅចាំគាល់បម្រើ ហ្លួង នៅក្រុងប៉េកាំង បានយាង សម្តេចឪ ចាកចេញពីព្រះរាជដំណាក់ទីក្រុងប៉េកាំង ទៅកាន់មន្ទីរពេទ្យក្រុងប៉េកាំង។ នេះបើបណ្តាញសង្គមរបស់ព្រះបរមរាជវាំង Royal du Cambodge បានសរសេរដោយដកស្រង់នូវសំណេររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ អំពីអាការ ព្រះបាទនរោត្តមសីហនុ មុនសោយព្រះទិវង្គតនៅក្នុងមន្ទីរពេទ្យនៃប្រទេសចិន។

(FILES) In this photo dated on March 25, 1953 Cambodia’s king Norodom Sihanouk (R) is welcomed by French President Vincent Auriol at the Elysee Palace in Paris. Cambodia’s former king Norodom Sihanouk, whose life mirrored the turbulent history of his nation where he remained a revered figure, died in Beijing on October 15, 2012 at the age of 89. AFP PHOTO (Photo credit should read -/AFP/Getty Images)

សំណេរដដែលឲ្យដឹងថា នៅក្នុងមន្ទីរពេទ្យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ក៏បានយកទូរស័ព្ទ ទៅថ្វាយ ព្រះបរមរតនកោដ្ឋ ទ្រង់ព្រះសណ្តាប់ ព្រះរាជបន្ទូលរបស់ ព្រះរាជបុត្រ ហើយ ព្រះអង្គញញឹម និង មានព្រះរាជឱង្ការ ពីរ បី ព្រះឱស្ឋ ដោយសារតែព្រះអង្គប្រឈួនខ្លាំង។ នេះជាលើកចុងក្រោយបំផុតនៃព្រះជន្មព្រះបរមរតនកោដ្ឋ ដែលព្រះអង្គមានព្រះរាជឱង្ការជាមួយព្រះរាជបុត្រ (ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី)។

ខួបនៃការសោយទិវង្គតរបស់ព្រះបាទនរោត្តមសីហនុ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែ តុលា គំរប់៧ឆ្នាំ ថ្ងៃនេះប្រជារាស្រ្តខ្មែរទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំ មន្រ្តីរាជការនៅតាមក្រសួង ស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជននានា នៅរាជធានីភ្នំពេញ បានរៀបចំពិធី សូត្រមន្ត បង្សុលកូល ឧទ្ទិសព្រះរាជកុសល ថ្វាយចំពោះព្រះវិញ្ញាក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់៧ឆ្នាំ ដើម្បីជាការសម្តែង នូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាចំពោះជាតិ និងបានប្តេជ្ញាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គ ដើម្បីផ្តល់សុខសន្តិភាព ជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។

គួររំលឹកថា អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់គ្រងរាជបល្ល័ង្ករហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក ទ្រង់គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។ ស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ដែលគេមិនអាចបំភ្លេចបានមួយទៀត គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំង។

ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិ បានប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ១៩២២ និងបានយាងចូលទិវង្គត កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា៕