ពន្ធលើការផលិតជំរុញឲ្យកំណើនសេដ្ឋកិច្ចចិនធ្លាក់ដល់កម្រិតទាបបំផុត ក្នុងពេលជិត៣០ឆ្នាំមកនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2019 ក+ ក-

បរទេស ៖ កំណើនសេដ្ឋកិច្ចត្រីមាសទី ៣ របស់ប្រទេសចិន បានធ្លាក់ចុះជាងការរំពឹងទុក ហើយ ស្ថិតក្នុងល្បឿនខ្សោយបំផុតក្នុងរយៈពេលជិត៣ទសវត្សមកនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលដល់ផលិតកម្មនៅរោងចក្រ។

ផលិតផលក្នុងស្រុកសរុប GDP បានកើនឡើងតែ ៦.០ ភាគរយប៉ុណ្ណោះ ដែលបង្ហាញពី ការបាត់បង់សន្ទុះសម្រាប់សេដ្ឋកិច្ច ពីកំណើន ៦.២ ភាគរយនៅត្រីមាសទីពីរ។ ទន្ទឹមនឹងនេះ អ្នកជំនួញនិងវិនិយោគិន មានការប្រុងប្រយ័ត្នថា សង្រ្គាមពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិន អាចនឹងនាំមកនូវវិបត្តិសេដ្ឋកិច្ចសកល។

ប៉ុន្តែកាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បាននិយាយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ ហើយបានផ្អាកការដំឡើងពន្ធ ទោះបីជាមន្រ្តីបាននិយាយថា នៅតែមានការងារជាច្រើន ដែលត្រូវ ធ្វើក្នុងដំណើរការកិច្ចព្រមព្រៀងនេះក៏ដោយ។

អ្នកនាំពាក្យការិយាល័យស្ថិតិចិន លោក ម៉ៅ សេងយ៉ុង បានប្រាប់អ្នកយកព័ត៌មានថា លទ្ធផលជាដំណាក់កាល មានភាពវិជ្ជមានសម្រាប់ ទាំងទីផ្សារចិន និងអាមេរិក ។ លោករំពឹងថានឹងមានការអភិវឌ្ឍប្រសើរជាងនេះ សម្រាប់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ច ក្នុងស្រុក ខណៈដែលប្រទេសនានា ងាកចេញពីវិធានការគាំពារនិយម៕