មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាជាមួយមេទ័ពកូរ៉េ នៅទីក្រុងសេអ៊ូល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2019 ក+ ក-

ភ្នំពេញ ៖ នៅទីបញ្ជាការអគ្គបញ្ជាការកងទ័ពកូរ៉េ នាយឧត្តមសេនីយ៍ ប៉ាក ហានគី (Park Han Ki) អគ្គមេបញ្ជាការ កងទ័ពកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ បានសម្តែងក្តីសប្បាយរីករាយដែលឃើញការអភិវឌ្ឍរីកចំរើនឥតឈប់ឈររបស់ប្រទេសកម្ពុជា និងការពង្រឹងទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរ ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ច របស់ប្រមុខរដ្ឋ និងរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ បានបន្តថាក្រោមការផ្តួចផ្តើមគំនិតថ្មីរបស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជានោះទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរកាន់តែជិតស្និតគ្នា ហើយកងទ័ពកូរ៉េ នឹងបន្តពង្រឹងកិច្ចសហការជាមួយកងទ័ពកម្ពុជាទៅថ្ងៃអនាគត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរំលឹកពីទំនាក់ទំនងការទូតកម្ពុជា និងកូរ៉េ ជាពិសេសចាប់ពីឆ្នាំ ១៩៩៧ មក ប្រទេស និងប្រជាជន ទាំងពីរជាតិសាសន៍ បានយោគយល់ និងជួយគ្នា ស្ទើរគ្រប់វិស័យ នៅប្រទេសកម្ពុជា មានប្រជាជន កូរ៉េរស់នៅ ឯនៅប្រទេសកូរ៉េ ក៏មានប្រជាពលរដ្ឋខ្មែររស់នៅ។ ក្នុងវិស័យការពារជាតិ ប្រទេសកូរ៉េ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍ តាមរយៈការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងជំនួយមធ្យោបាយ សំភារ: បចេ្ចកទេសមួយចំនួនកន្លងទៅ។ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្តសហការបន្ថែមទៀតនៅពេលអនាគត៕