រដ្ឋបាលក្រុងភ្នំពេញ កំហិតឱ្យមន្ត្រីផ្អាកចេញទីទៅក្រៅប្រទេស ដើម្បីត្រៀមពិធីបុណ្យធំៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2019 ក+ ក-

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់កំហិត ដល់មន្ត្រីក្រោមឧិវាទ រដ្ឋ បាលរាជធានីភ្នំពេញកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេស ក្នុងដំណាក់កាល ដែលរាជធានីភ្នំពេញ កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ពិធីបុណ្យធំៗ នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីរួមគ្នាបំពេញភារកិច្ច ឲ្យទទួលបានលទ្ធផលល្អ ក្នុងនោះមានបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងខែវិច្ឆិកាខាងមុខនេះ។

លើសពីនេះ រាជធានីភ្នំពេញ ក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ដែលនឹងមានបណ្តាទីក្រុងជាសមាជិករបស់ AIMF ប្រមាណ ៣០០ទីក្រុង មកពីគ្រប់ទ្វីប ចូលរួមដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ផងដែរ។

ការងារនេះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាព របស់គណៈកម្មការ និងអនុគណៈកម្មការ រៀបចំមហាសន្និបាតកាលពីរសៀលថ្ងៃទី២២ខែតុលានៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេងបានថ្លែងថា មហាសន្និបាតរបស់ AIMF ប្រព្រឹត្តទៅត្រូវនឹងខួបកំណើតលើកទី៤០ ថ្ងៃបង្កើតសមាគម AIMF និងខួប៤០ឆ្នាំ របស់កម្ពុជា ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៏ ក្រោមប្រធានបទ “ទីក្រុងដែលមានភាពធន់ ការគិតគូពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ”។

លោកបានបន្តថា នេះជាកិត្តិយសធំធេងណាស់ សំរាប់រាជធានីភ្នំពេញ ក៏ដូចកិត្តិយសជាតិទាំងមូល ដែលទទួលបានប្រតិភូជាង៣០០ទីក្រុង ក្នុងពិភពលោក ធ្វើឲ្យកម្ពុជាពិសេសរាជធានីភ្នំពេញ កាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ៕