ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ប្តេជ្ញាធ្វើឲ្យទំនាក់ទំនងអាមេរិកកម្ពុជាកាន់តែប្រសើរឡើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2019 ក+ ក-

ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាថា នឹងធ្វើឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងអាមេរិកកាន់តែល្អប្រសើរថែមទៀត។ សម្តេចតេជោ ក៏ស្នើឲ្យភាគីទាំងពីរ ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរឹតបន្តឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ។

នៅក្នុងជំនួប នាវិមានសន្តិភាព នៅរសៀលថ្ងៃទី២៣ តុលា នេះ សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកអគ្គរដ្ឋទូតអាមេរិកដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថា អ្វីដែលភាគីទាំងពីរបន្តធ្វើនោះ គឺបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ដោយសារតែកម្ពុជា និងអាមេរិកបានសហការគ្នាជាច្រើនវិស័យ។

សម្តេចបញ្ជាក់ថា វាជារឿងធម្មតាទេនៅក្នុងទំនាក់ទំនងទ្វេភាគី ដែលមានចំណុចខ្លះត្រូវការពេលវេលា ដើម្បីបន្តសហការគ្នា និងស្វែងយល់ពីគ្នាបន្ថែមទៀត។ជំនួបនាពេលនេះ ជាសញ្ញាមួយដ៏ល្អក្នុងការធ្វើការជាមួយគ្នាបន្តបន្ទាប់ទៀត រវាងមន្ត្រី និងសមាជិករាជរដ្ឋាភិបាល ជាមួយនឹងអាមេរិក ដោយធ្វើយ៉ាងណាពង្រីកនៅការស្វែងយល់ពីគ្នាទៅវិញទៅមក ពិសេសធ្វើយ៉ាងណារឹតបន្តឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលមានស្រាប់ និងពង្រីកវិស័យមួយចំនួនថែមទៀត។ នេះគឺជាការបើកទំព័រថ្មីមួយទៀតក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា។ឆ្នាំក្រោយនេះគឺជាខួប៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជាអាមេរិក សម្ដេចតេជោ និងអគ្គរដ្ឋទូត នឹងសហការគ្នាធ្វើសកម្មភាពមួយចំនួនដើម្បីអបអរសាទរនៃការភ្ជាប់ទំនាក់ទំនងការទូត៧០ឆ្នាំនេះ ផងដែរ។

គួរបញ្ជាក់ដែរថា កម្ពុជា នឹងសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយគ្នា ជាពិសេសគឺការរុករកអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅលើទឹកដីកម្ពុជា។ ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិកាសម្រាប់អ្នកស្ម័គ្រចិត្តដើម្បីសន្តិភាព Peace Corp និងសហការលើវិស័យសុខាភិបាល វិស័យអប់រំជាដើម។ កន្លងទៅនេះអាមេរិក បានបញ្ជូនអ្នកស្ម័គ្រចិត្តរបស់ខ្លួនជាង៧០០នាក់តាមរយៈ Peace Corp ដើម្បីធ្វើការងារដូចជាការបង្រៀនការជួយដល់សហគមន៍ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ សម្ដេចតេជោស្នើឲ្យអគ្គរដ្ឋទូតអាមេរិក រៀបចំក្រុមប្រណាំងទូករបស់ក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីសន្តិភាពចូលរួមប្រណាំងទូក ដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត និងការបន្តស្វែងយល់ពីគ្នាទៅវិញទៅមក លើផ្នែកវប្បធម៌។

លោកអគ្គរដ្ឋទូត បានបញ្ជាក់ដែរថា ខ្លួននឹងពាំនាំទៅដល់ក្រុមអ្នកស្ម័គ្រចិត្តដើម្បីសន្តិភាព ហើយថាឆ្នាំនេះ ឬឆ្នាំក្រោយ នឹងចូលរួមក្នុងការប្រណាំងទូក។

សម្តេចបញ្ជាក់ថា ការអុំទូកនេះមិនមែនដើម្បីចាញ់ឈ្នះទេក៏ប៉ុន្តែគឺដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕