រាជរដ្ឋាភិបាលនឹងវិសោធនកម្មច្បាប់សារពើពន្ធ បើកផ្លូវក្នុងការកំណត់ពន្ធលើប្រាក់បៀវត្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថានឹងធ្វើវិសោធនកម្ម ច្បាប់ស្តី ពីសារពើពន្ធត្រង់មាត្រាទី៤៧ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលជាអ្នកកំណត់ប្រាក់បៀវត្សត្រូវបង់ពន្ធសម្រាប់មន្ត្រីរាជការ។ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលប្រាក់បៀវត្តន៏ ដែលត្រូវជាប់ពន្ធរហូត ដល់១លាន៣សែន នៅឆ្នាំ២០២០ខាងមុខ ដើម្បីធានាថា ប្រាក់បៀវត្តន៏អប្បបរមា របស់មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធ មិនជាប់ពន្ធនោះទេ។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ប្រាក់បៀវត្តន៏អប្បបរមារបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធ នឹងបន្តឡើបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបាន សម្រេច កែសម្រួលប្រាក់បៀវត្តន៏អប្បបរមា ដែល ត្រូវជាប់ពន្ធឲ្យឡើងដល់១លាន៣សែនរៀល ចាប់ពីឆ្នាំ ២០២០តទៅ។ សូមជម្រាបដែរថា គិតមកដល់ពេលនេះ កំរិតនៃប្រាក់បៀវត្តន៏អប្បបរមា របស់ បុគ្គលិករដ្ឋ ត្រូវបានធ្វើវិសោធនកម្មចំនួនបីដងរួចមកហើយ ដើម្បីសម្រួលដល់ជីវភាពរបស់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

បើតាមសម្តេចតេជោ ទន្ទឹមនឹងការតម្លើងប្រាក់បៀវត្ត និងប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាលក៏បាន សម្រេចតម្លើងកំរិតកាត់បន្ថយ មូលដ្ឋានគិតពន្ធលើ ប្រាក់បៀវត្សចំពោះអ្នកដែលមានកូន ប្រពន្ធក្នុងបន្ទុក ក្នុងម្នាក់ៗពី៧៥០០០ដល់១៥ម៉ឺនរៀលក្នុង មួយខែ។ សម្តេចតេជោ អះអាងថា ចាប់ពីឆ្នាំ២០២០តទៅ ប្រាក់បៀវត្តអប្បបរមាត្រូវជាប់ពន្ធ សម្រាប់មន្ត្រីរាជការស៊ីវិលនឹងឡើងដល់១លាន១សែន ៧ម៉ឺន២៥០០រៀល គ្រូបង្រៀននិងគ្រូពេទ្យ ដល់១លាន២សែន៧ម៉ឺន២៥០០រៀល នគរបាលជាតិ ថ្នាក់ពលបាលត្រីដល់ ១លាន ២សែន ៥៦៩០០រៀល យោធិន ថ្នាក់ពលទោ ដល់ ១លាន ១សែន ៨ម៉ឺន ១៥០០រៀល។ កំរិតប្រាក់ បៀ វត្ស អប្បបរមា នេះ នឹងឡើងដល់កំរិតពិដាន ដែលត្រូវជាប់ពន្ធ តាមមាត្រាទី៤៧ ថ្មី នៃច្បាប់សារពើ ពន្ធ។ ដូច្នេះបានជារាជរដ្ឋាភិបាល ត្រូវកែសម្រួល និងធ្វើវិសោធនកម្មច្បាប់មួយនេះ ដើម្បីបើកផ្លូវ ឲ្យរាជ រដ្ឋាភិបាលជាអ្នកកំណត់ប្រាក់អប្បបរមា ដែលត្រូវជាប់ពន្ធ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់ឲ្យមានការដំឡើងប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ ជូនដល់មន្ត្រីរាជការ គ្រូ ពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ)។

យោងតាមតារាងប្រាក់បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង កម្លាំងប្រដាប់អាវុធ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩មក ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រី រាជការ និងកម្លាំងប្រដាប់អាវុធមានមិនតិចជាង១លាន នោះទេ។ បន្ថែមលើសពីនេះ រាល់ពេល បុណ្យ ទាន គឺបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ តែងឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ផងដែរ៕