មន្ត្រីរដ្ឋាភិបាលលើកទឹកចិត្តដល់វិស័យភាពយន្តខ្មែរឲ្យល្បីល្បាញដូចទសវត្សទី៦០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2019 ក+ ក-

ភ្នំពេញ ៖ លោក កែវ រ៉េមមី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានសិទ្ធមនុស្សកម្ពុជា លើកឡើងថា នៅក្នុងទស្សវត្ស៦០ វិស័យភាពយន្តខ្មែរ មានការរីកចំរើនខ្លាំង និងមានការគាំទ្រយ៉ាងផុលផុសពីមហាជន ទាំងក្នុងកម្រិតជាតិ និងនៅលើឆាកអន្តរជាតិ ដែលក្នុងសម័យកាលនោះ ភាពយន្តខ្មែរជាង៥០០រឿង បានវាយលុកចូលក្នុងទីផ្សារភាពយន្តអន្តរជាតិ ដណ្តើមបានប្រជាប្រិយ៍ភាពយ៉ាងខ្លាំងក្លា។

លោកថ្លែងថា ចង់ឃើញវិស័យភាពយន្តខ្មែរ នាពេលបច្ចុប្បន្ន មានភាពរីកចំរើនខ្លាំងថែមទៀត និងមានលក្ខណៈប្រកួតប្រជែង ជាមួយភាពយន្តបរទេស ដើម្បីដណ្តើមយកភាពល្បីល្បាញ និងការនិយមគាំទ្រដូចក្នុងទស្សវត្ស៦០ នៅក្នុងទីផ្សារភាពយន្តអន្តរជាតិ។ ការលើកឡើងរបស់លោកដូចនេះ នៅក្នុងកម្មវិធី ”១ម៉ឺនអាល័យ” ដែលរៀបចំឡើងដោយយុវជន ក្រុមព្រះសូរិយា កាលពីល្ងាចថ្ងៃទី២២ ខែតុលានេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ កម្ពុជា កូរ៉េ (CKCC) ក្នុងរាជធានីភ្នំពេញ។

លោក កែវ រ៉េមមី បានមើលឃើញថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានធនធានមនុស្សច្រើនណាស់ ក្នុងវិស័យភាពយន្ត ពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតភាពយន្តដែលអាចប្រកួតប្រជែង និងមានភាពទាក់ទាញ ក៏ប៉ុន្តែអាស្រ័យទៅលើការជ្រើសរើស និងស្វែងរក របស់ម្ចាស់ផលិតកម្មនិមួយៗចំពោះអ្នកនិពន្ធ អ្នកដឹកនាំរឿងនិងតារាសម្តែង ដែលមានសមត្ថភាព ទេពកោសល្យ និងចំណេះ ជំនាញច្បាស់លាស់ ជាពិសេស គឺទុនសម្រាប់ផលិតតែម្តង។

លោក រំលឹកថា វិស័យភាពយន្តខ្មែរ អាចរីកចំរើនបាន វាទាល់តែ អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យនេះ ត្រូវមានការអំណត់ តស៊ូ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងនោះ ក៏ត្រូវចេះឱ្យតម្លៃគ្នា នៅក្នុងអាជីពភាព ពោលគឺឱ្យតម្លៃខ្លួនឯង និងរួមគ្នាឱ្យតម្លៃទៅលើស្នាដៃរបស់យើង ដើម្បីឱ្យមានការទាក់ទាញពីសាធារណៈជន ចៀសជាងការហែកហួរឬពេបជ្រាយគ្នា ធ្វើឱ្យមានការវាយតម្លៃមិនល្អពីមហាជន។

សូមបញ្ជាក់ផងដែរថា យុវជន ក្រុមព្រះសូរិយា បានតស៊ូ លះបង់ពេលវេលា ថវិកា កម្លាំងកាយចិត្ត ស្រាវជ្រាវ ស្វែងរក នូវ តារាសម្តែងក្នុងទស្សវត្សរ៍៦០ ដែលនៅមានជីវិត និង ស្រាវជ្រាវ រកឯកសារ ភាពយន្តចាស់ៗ និងឧបករណ៍ពាក់ព័ន្ធ ក្នុងវិស័យភាពយន្តមករក្សានិងចងក្រងទុកជាឯកសារ សម្រាប់បង្ហាញដល់អ្នកជំនាន់ក្រោយ ឱ្យបានដឹង បានស្គាល់ ពីភាពរីកចំរើន នៃវិស័យភាពយន្តខ្មែរ នៅក្នុងសម័យកាលនោះ៕