អាជ្ញាធរក្រុងភ្នំពេញ ប្រកាសផ្អាកចរាចរណ៍ផ្លូវទឹកចំនួន៥ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2019 ក+ ក-

ភ្នំពេញ ៖ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ និងស្របពេលដែលក្រុមកីឡាករ-កីឡាការិនីទូក«ង» អញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក និងដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការធ្វើនាវាចរ តាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល០៥ថ្ងៃ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៤ វិច្ឆិកា ។

នៅក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក«ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានានឹងចូលរួមការប្រកួតទូក«ង»។

ដូច្នេះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការធ្វើនាវាចរតាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល០៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រោយចប់ព្រះរាជពិធីបុណ្យខាងលើ នឹងដាក់ឲ្យដំណើរការសេវានេះជាធម្មតាវិញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈតាមកាណូត(Taxi Boat) ទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ៕