សម្តេចតេជោ ស្នើអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ឆ្លើយតបទាន់ពេលចំពោះអំពើជួញដូរមនុស្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យអគ្គព្រះរាជអាជ្ញាអាស៊ាន- ចិន រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ លើបញ្ហាអំពើជួញដូរមនុស្ស ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិងដោះស្រាយឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ថ្លែងនៅក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី ១២នៅខេត្តសៀមរាប ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់» នៅខេត្តសៀមរាប ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រ សាសន៏ថា កំណើននៃចរន្តទីផ្សារការងារ និងដំណើរចល័តនៃកម្លាំងពលកម្មអន្តរជាតិធ្វើឱ្យកើតនូវ «អំពើជួញដូរមនុស្ស » ជាយថាហេតុនៅក្នុងបញ្ហាប្រទេសសមាជិកអាស៊ានរួមទាំង បញ្ហាប្រទេសនៅក្នុងតំបន់ផងដែរ។

ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាពស្វែងរកការងារនៅក្នុងស្រុក និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើតឱ្យមាន « អំពើជួញដូរមនុស្ស » ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារកនិងកុមារ និងការជួញដូរសេរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ចាំបាច់តម្រូវឱ្យប្រទេសសមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់និង ត្រូវរួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក។

លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាធរនៃអយ្យការអមតុលាការកំពូល បានបញ្ជាក់ថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន នៅកម្ពុជានាពេលនេះ ជាយន្តការមួយមានសារៈសំខាន់ក្នុងការជួយគ្នាទៅវិញទៅមក ក្នុងការចាប់ខ្លួន និងចោទប្រកាន់ឧក្រិដ្ឋជនជួញដូរមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវអគ្គព្រះរាជអាជ្ញាធរបន្តថា ការសហការគ្នារវាងប្រទេសក្នុងតំបន់អាស៊ាន និងចិន គឺសំដៅការសហការគ្នាក្នុងការធ្វើបត្យប័ន ឧក្រិដ្ឋជនជួញដូរមនុស្ស យកមកផ្តន្ទាទោសទៅតាមច្បាប់នៅក្នុងប្រទេសកំណើតរបស់ខ្លួន។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៏ថា ករណីនៃការជួញដូរមនុស្សជាច្រើនមាននៅប្រទេសចិន ម៉ាឡេស៊ី និងមួយចំនួននៅប្រទេសថៃ។ ការជួញដូរសរីរាង្គក៏ជាទម្រង់នៃការជួញដូរមនុស្សផងដែរ។

បើតាមរបាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះពីការជួញដូរ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩ បានបង្ហាញថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន៧៨ករណី លើ៦២ករណី។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៩៧នាក់ ស្រី ២២នាក់ អនីតិជន ០៩នាក់ ជនបរទេស ១៤នាក់ សញ្ជាតិចិន ១២នាក់ និងអាមេរិក ០២នាក់ និង សង្គ្រោះជនរងគ្រោះ ចំនួន២៦៣នាក់។

ដោយឡែក ការបង្ការ ទប់ស្កាត់ ការជួញដូរមនុស្សតាមរូបភាពអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងច្រកចេញចូលតែមួយ របស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងធ្វើសម្ភាសន៍ពលរដ្ឋខ្មែរ និងជនបរទេស សរុបចំនួនជាង១ពាន់គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។ ជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទំនាក់ទំនងសាកសួរព័ត៌មានអំពីនារីខ្មែរ ដែលទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេស បានចំនួន៧៤នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថាអាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍៕