​ចាប់ខ្លួនក្រុមអង្គរក្ស សម រង្សី ៥នាក់ក្នុងផ្ទះសំណាក់មួយនៅប៉ោយប៉ែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2019 ក+ ក-

ប៉ោយប៉ែត ៖ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនក្រុមកងអង្គរក្សរបស់ ទណ្ឌិត សម រង្ស៊ី កាលពីវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ សេះមាស ខាងកើតសណ្ឋាគារប៉ោយប៉ែតផាស ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ។

ជនសង្ស័យទាំង៥នាក់រួមមាន: ១-លោក សឹមគីមលៀង អាយុ៤៣ ឆ្នាំ,២-លោក ឈួនសារ៉េត អាយុ ៥៤ឆ្នាំ,៣-លោក សឹម វុទ្ធី អាយុ ៤២ ឆ្នាំ, ៤-លោក រស់ ប៊ុនថាន អាយុ ៤១ ឆ្នាំ, ៥-លោក បូ សុអឿន អាយុ ៣៣ ឆ្នាំ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទាំង៥នាក់ គឺជាក្រុមអង្គរក្សផ្ទាល់របស់ទណ្ឌិត សម រង្ស៊ី បានចូលមកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើនេះចំនួន ៣ថ្ងៃហើយ ដើម្បីរៀបចំផែនការរបស់ពួកគេក្នុងការបង្កើតព្រឹត្តិការណ៍ផ្សេងៗខុសច្បាប់។

ពេលនេះជនសង្ស័យទាំង៥ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅសួរនាំនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយនឹងបញ្ជូនបន្តទៅក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕