ក្រុមអ្នកប្រមូលសំរាម ថា ឆ្នាំនេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីការទុកដាក់សំរាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2019 ក+ ក-

ភ្នំពេញ ៖ ក្រុមអ្នកបោសសំអាតអនាម័យ និងប្រមូលសំរាមនៅក្នុងបរិវេណ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ បានលើកឡើងថា នៅថ្ងៃទីមួយនៃព្រះរាជពិធីនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះ គឺពួកគាត់ភាគច្រើន មានការយល់ដឹងច្រើន នឹងចូលរួមវេចខ្ចប់ ទុកដាក់សំរាម នៅក្នុងធុងឬកញ្ឆេសំរាមគ្រប់ទីកន្លែង។

លោក បញ្ញា និង លោក កក្កដា ជាអ្នកបោសសំអាត និងប្រមូលសំរាមនៅតំបន់កម្សាន្ត មាត់ទន្លេ បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋដែលមកលេងកម្សាន្ដក៏ដូចជាអ្នកលក់ដូរ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះមានការយល់ដឹងខ្ពស់ ចំពោះបញ្ហាថែរក្សាអនាម័យ និងបរិស្ថាន ពិសេសការទុកដាក់សំរាម ដោយពួកគាត់មានការវេចខ្ចប់សំរាម និងដាក់ក្នុងធុងសំរាមបានយ៉ាងត្រឹមត្រូវ ក្រោយពេលដែលពួកគាត់បានបរិភោគចំណីអាហារឬលក់ដូររួចរាល់។

ចំណែកអ្នកលក់ពងទាកូនលក់បបរនិងភេសជ្ជៈនៅម្តុំខាងត្បូងផ្សាររាត្រី បានបង្ហាញពីការចូលរួមរបស់គាត់ ក៏ដូចជាអ្នកលក់ដូរដទៃទៀតថា ក្រោយពីលក់ដូររួច ពួកគាត់បាននាំគ្នាបោសសំអាត និងប្រមូលសំរាមជុំវិញបរិវេណខ្ចប់យកទៅបោះក្នុងធុងសំរាម ដើម្បីចូលរួមថែរក្សាបរិស្ថានអនាម័យឱ្យបានល្អ នៅពេលបុណ្យអុំទូកនេះ ខណៈក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីចូលរួមធ្វើឲ្យ ពលរដ្ឋយល់ដឹងអំពីផលប៉ះពាល់នៃសំរាម។

ទាក់ទិននឹងការគ្រប់គ្រង ការប្រមូលសំរាម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាសធារណៈការ រាជធានីភ្នំពេញបានឱ្យដឹង នាព្រឹកព្រលឹមស្រាងៗ ថ្ងៃទី១១ ខែវិច្ឆិកានេះថា ឆ្នាំនេះការគ្រប់គ្រងសំរាមមានភាពងាយស្រួល ប្រជាពលរដ្ឋមានការយល់ដឹងច្រើន មានការចូលរួមយ៉ាងសស្រាក់សស្រាំ គឺយកសំរាមទៅដាក់ក្នុងធុង។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមចំនួន ១.៥៥៦ធុង និងកម្លាំងប្រមូលសំរាមចំនួនជាង៩០០នាក់ សម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីកុំឲ្យមានសំរាមនៅតាមទីសាធារណៈ និងកន្លែងកម្សាន្តនានា បន្ទាប់បានព្យាករថា នឹងមានកំណើនអ្នកចូលរួមរហូតដល់ជាង៦លាន៦សែននាក់៕