ដំណើរការរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកំពត សម្រេចបានជាង ៨០% ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2019 ក+ ក-

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ខេត្តកំពត ដែលទទួលភារៈ ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នាចុងឆ្នាំ២០១៩ នេះ បានត្រៀមលក្ខណៈ សម្រេចកិច្ចការបានប្រមាណជាង ៨០% ហើយ ក្នុងនោះ មានដូចជាកិច្ចការតុបតែងលម្អតាមទីសាធារណៈ សួនច្បារ ការជួសជុលហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ ការបំពាក់ និងបន្ថែមភ្លើងបំភ្លឺក្នុងទីក្រុង ការរៀបចំវិថី ម្ហូបអាហារ ការរៀបចំគោលដៅទេសចរណ៍នានាជុំវិញខេត្ត ពិសេសតាមព្រែក ទឹកឈូ ឬព្រែកកំពង់បាយ ភ្នំបូកគោ ស្រែអំបិល តំបន់កសិទេសចរណ៍ចម្ការម្រេច តំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ សហគមន៍ ទេសចរណ៍មួយចំនួន ព្រមទាំងគោលដៅទេសចរណ៍នៅខេត្តកែប ផងដែរ។

ក្រៅពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តកំពត និងពីខេត្តកំពត ទៅកាន់គោលដៅនានាមួយចំនួនទៀត ដោយឯកឧត្តមបានស្នើអាជ្ញាធរខេត្ត មន្ទីរ និងក្រសួងសាធារណការ ជួយពន្លឿនការជួសជុលផ្លូវជាតិលេខ៣ លេខ៣៣ និងផ្លូវនានាជា ច្រើនទៀត យ៉ាងហោចណាស់ក៏សូមរៀបចំត្រឹមឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរបានសមរម្យនៅមុនពេលពិធីបុណ្យសមុទ្រមកដល់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងខេត្តកំពត សូមកុំមានការដំឡើងថ្លៃសេវា និងទំនិញរបស់ ខ្លួន ថ្លៃហួសហេតុពេក ពិសេសត្រូវបើកឱ្យមានការទទួលការកក់កន្លែងស្នាក់នៅឡើងវិញ ដើម្បី សម្រួលដល់ ការស្នាក់នៅរបស់ភ្ញៀវទេសចរ ក្រុមមន្ត្រីដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រ និង ក្រុមសិល្បករ កីឡាករជាដើម ហើយបើតាមការរំពឹងទុករបស់លោករដ្ឋមន្ត្រីថាភ្ញៀវទេសចរដែល នឹងមកកម្សាន្តក្នុងពិធី បុណ្យសមុទ្រនៅខេត្តកំពតខាងមុខនេះ នឹងមានចំនួនច្រើនជាងឆ្នាំកន្លងទៅ ខណៈប្រទេសជាតិកំពុង មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់ វិស័យ រី ឯប្រជាពលរដ្ឋក៏កាន់តែមានភាព ជីវភាពធូរធា និងចង់ចេញដើរកម្សាន្តកាន់តែច្រើនឡើងៗ ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕