ឆ្នាំ២០២០ កម្ពុជានឹងចំណាយ៤ ៦៦០ ៣៧៨លានរៀលលើវិស័យការពារជាតិ និងសណ្តាប់ធ្នាប់សាធារណៈ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2019 ក+ ក-

ភ្នំពេញ ៖ យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលត្រូវបានដាក់ជូនសម័យប្រជុំរដ្ឋសភាពិនិត្យ ពិភាក្សា និងអនុម័ត នាព្រឹកថ្ងៃទី២៦ វិច្ឆិកា នេះ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៤៦៦០៣៧៨ លានរៀល ទៅលើវិស័យ ការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដែលមានសមាមាត្រស្មើនឹង ២៥,៨% នៃចំណាយ ចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៣,៩២នៃផលិតផលក្នុងស្រុកសរុប ឬ ផ.ស.ស គឺមានកំណើន ៩,៣% ធៀប នឹងច្បាប់ថវិកាឆ្នាំ២០១៩ ក្នុងនោះមាន ៖

សម្រាប់ក្រសួងការពារជាតិ ត្រូវបានគ្រោងថវិកាចំនួន ២ ៥៣៦ ៧២៨លានរៀល មានសមាមាត្រ ស្មើនឹង១៤,១%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ២,១៣%នៃ ផ.ស.ស គឺមានកំណើន ៥,០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។ ក្នុងនោះចំណាយបន្ទុកបុគ្គលិកដែលមានចំនួន ៨៥,៧% នៃចំណាយ សរុបរបស់ក្រសួង ចំណែកឯចំណាយមិនមែនបន្ទុកបុគ្គលិកដែលមានតែចំនួន ១៤,៣%នៃចំណាយ សរុបរបស់ក្រសួង  ហើយសម្រាប់ក្រសួងមហាផ្ទៃវិញ ក៏ត្រូវបានគ្រោងថវិកាចំនួន ១ ៩៥៨ ៦០១លាន រៀល មានសមាមាត្រស្មើនឹង ១០,៩%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ១,៦៥នៃ ផ.ស.ស និងមាន កំណើន ១៥,៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩ និងសម្រាប់ក្រសួងយុត្តិធម៌ ត្រូវបានគ្រោងចំណាយចំនួន ១៦៥ ០៤៩លានរៀល មានសមាមាត្រស្មើនឹង ០,៩% នៃចំណាយចរន្តថ្នាក់ជាតិត្រូវជា ០,១៤% នៃ ផ.ស.ស មានកំណើន ៩,៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។

បើតាមការបញ្ជាក់នៅក្នុងសេចក្តី ថ្លែងហេតុស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ថា អាទិភាពសំខាន់ក្នុង វិស័យខាងលើនេះ គឺផ្តោតទៅលើកម្មវិធី និងសកម្មភាពនានាមានដូចជា៖ ការបន្តផ្តោតការយកចិត្តទុក ដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ រួមទាំងការហ្វឹកហ្វឺន និងការបំពាក់មធ្យោបាយ ចាំបាច់នានា ក្នុងបុព្វហេតុបន្តធានាកិច្ចការពារជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន,បន្តបង្កើនការ គាំទ្រដល់ការបណ្តុះបណ្តាលមន្ត្រីនគរបាលក្នុងបុព្វហេតុការពារសន្តិសុខជាតិ និងការបន្តការពង្រឹងវិស័យ តុលាការ ដើម្បីយុត្តិធម៌សង្គម។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានអញ្ជើញការពារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅ ក្នុងសម័យប្រជុំរដ្ឋសភាកាលពីព្រឹកមិញនេះបានលើកឡើងពីបញ្ហាប្រឈម និងវិធានការ ក្នុងការអនុវត្ត

ច្បាប់ស្តីពីហិញ្ញវត្ថុសម្រាប់ឆ្នាំ២០២០ ដោយបានគូសបញ្ជាក់ថា ការអនុវត្តក្របខណ្ឌថវិកានេះ តម្រូវឱ្យរាជរដ្ឋាភិបាលខិតខំជម្នះនូវការលំបាក និងញ្ហាប្រឈមមួយចំនួនទាំងផ្នែកចំណូល ទាំងផ្នែកចំណាយ។ ជាក់ស្តែង រាជរដ្ឋាភិបាលនឹងត្រូវពុះពារជម្នះនូវការលំបាកដែលកើតចេញពីបញ្ហាប្រឈមនានា៕