កម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់មិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2019 ក+ ក-

ភ្នំពេញ ៖ ទីផ្សារពលកម្មជំនាញនៅក្នុងប្រទេសកម្ពុជា មានតម្រូវការច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញនេះ មិនទាន់ឆ្លើយតបនៅឡើយ និងទាមទារអោយមានការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្នុងវិស័យសំណង់ ខណៈវិស័យនេះ កំពុងរីកដុះដាល និងដើរតួនាទីធំនៅក្នុងប្រទេសកម្ពុជា។

យោងតាមប្រសាសន៍លោក ទាង សាក់ ប្រធានានយកដ្ឋានស្ដង់ដារ និងកម្មវិធីសសិក្សា នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អោយដឹងថា ជាទូទៅតម្រូវការធនធានជំនាញវាកំពុងមានតម្រូវការខ្ពស់ មានកំណើនខ្ពស់ ហើយវិស័យបច្ចេកវិទ្យាកាន់តែលឿន ក៏ត្រូវការអ្នកជំនាញដែលស្របនឹងស្ថានភាពកាន់តែខ្លាំងដែរ ចឹងហើយធនធានមនុស្សក្នុងវិស័យសំណង់ក៏ទាមទារអោយមានសមត្ថភាពខ្ពស់ផងដែរ ដូច្នេះហើយទើបក្រសួងការងារជំរុញអោយគ្រឹះស្ថានបណ្ដុះបណ្ដាលទាំងអស់ពង្រឹងគុណភាពបណ្ដុះបណ្ដាលជំនាញ អោយខ្លាំងជាងមុន មានគុណភាពឃ្លាំងជាងមុន ។

បច្ចុប្បន្ននេះ តាមការដ្ឋាននានាក្នុងគម្រោងសំណង់កំពុងសាងសង់គេឃើញថា ពលកម្មជំនាញ និងកម្មករមួយចំនួនជាជនបរទេសដូចជាចិន និងវៀតណាម តែក៏មានជនជាតិខ្មែរមួយចំនួនផងដែរ ។ពាក់ព័ន្ធនឹងបញ្ហានេះ លោកទាង សាក់បានមានប្រសាសន៍បន្តថា នេះដោយសារតែផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ទៅលើការងារមួយនេះនៅតែខ្លាចរអារ ហើយគិតថាជាការងារដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូច្នេះហើយសិស្សនិស្សិតមួយចំនួនធំ បានងាកទៅសិក្សាលើជំនាញការងារក្នុងការិយាល័យ និងមិនរៀនជំនាញណាដែលធ្វើការក្រោមកំដៅថ្ងៃជាដើម ។ លោកថា៖«ពលរដ្ឋខ្មែរមួយចំនួន មិនចង់ធ្វើការពិបាកៗ ឬការងារណាដែលគគ្រេច តែក្រសួងបានខិតខំទាញចំណាប់អារម្មណ៍សិស្សអោយមកសិក្សាលើជំនាញទាំងនេះ ដែលកំពុងមានតម្រូវការខ្ពស់ » ។

លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ផងដែរថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងតម្រង់មុខព្រួញ ធនធានមនុស្សនិងគុណភាពធនធានមនុស្សកម្ពុជាអោយត្រូវនឹងទីផ្សារ ការងារនាពេលបច្ចុប្បន្ន ដូច្នេះហើយទើបក្រសួងកំណត់យុទ្ធសាស្ត្រមួយ តម្រូវអោយមានកិច្ចសហការរវាងវិស័យសាធារណៈនិងឯកជន ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្សអោយត្រូវនឹងស្ថានភាពទីផ្សារងារសព្វថ្ងៃនេះ ។

លោក Wirot Phanitphotchamarn នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជាដែលជាក្រុមហ៊ុនសំណង់ដ៏ធំមួយក្នុងតំបន់អាស៊ាន បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជា កំពុងមានការកើនឡើងក្នុងនោះវិស័យសំណង់ក៏កំពុងដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ចផងដែរ ដែលត្រូវការធនធានមនុស្សក្នុងជំនាញនេះកាន់តែច្រើន  ។លោកថា៖«ក្នុងនាមជាអ្នកផ្គត់ផ្គង់សម្ភារៈសំណង់មួយនៅកកម្ពុជា យើងក៏មានឆន្ទៈក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ក្នុងវិស័យសំណង់អោយកាន់តែរឹងមាំផងដែរ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញជាងសំណង់ក្នុងមួយឆ្នាំៗរាប់រយនាក់ » ។

លោកបន្តថា យើងព្យាយាមយកបទពិសោធន៍ និងបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ក្នុងវិស័យសំណង់ពីប្រទេសថៃមកផ្ដល់ជូនអ្នកជំនាញវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ស្របពេលដែលវិនិយោគិនជាច្រើនកំពុងចាប់អារម្មណ៍លើវិស័យសំណង់និងកំពុងដាក់ទុនជាច្រើនក្នុងវិស័យនេះ ។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា វិស័យសំណង់បានផ្ដល់ការងារ ជិត៣ម៉ឺននាក់ក្នុងមួយថ្ងៃ ក្នុងនោះ តម្លៃពលកម្ម សម្រាប់កម្មករគ្មានជំនាញ ទទួលបាន ៣ម៉ឺនរៀល និងកម្មករមានជំនាញទទួលបាន ៦ម៉ឺនរៀលក្នុងមួយថ្ងៃ ។ រីឯ វិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ទទួលបានប្រាក់ឈ្នួលពី ៤០០ដុល្លារ ទៅ ២.៥០០ដុល្លារ ក្នុងមួយខែផងដែរ ។

របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា គិតចាប់តាំងពីឆ្នាំ២០០០ មកដល់ត្រឹមខែកញ្ញាឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសសរុបជាង ៤ម៉ឺន៦ពាន់គម្រោង ដែលគិតជាទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ ដែលក្នុងនោះ មានអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅជាង ១ពាន់៥០០អគារ និងគម្រោងអគារបុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋានលក្ខណៈបុរីមាន២៦៨ គម្រោង៕