​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែងទៅក្នុង​សម្បត្តិ​បេតិកភណ្ឌពិភពលោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2019 ក+ ក-

ភ្នំពេញ ​៖ ថ្ងៃនេះជា​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​អង្គការ​យូណេស្កូ​។ គណៈកម្មាធិការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ បានទទួល​ស្គាល់​ចាប៉ីដងវែង​ជា​ផ្លូវការនា​អំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពីនា​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ វាមានលក្ខណៈកំប្លុកកំប្លែង ស្រស់ស្រាយ ជួនកាលសំឡេងពីរោះរណ្តំបូកនឹងរឿងរ៉ាវសំខាន់ផន អាចធ្វើឲ្យមនុស្សជក់ចិត្ត ឬហូរទឹកភ្នែក។

ចាប៉ីដងវែង ជាឧបករណ៍ភ្លេងដែលមានខ្សែ ២ ឬ៤ ដែលប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរី និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ ហើយឧបករណ៍នេះក៏អាចលេងចូលក្នុងវង់ភ្លេងតន្ត្រីសម័យផងដែរ នេះបើតាមអ្នកជំនាញខាងចាប៉ីដងវែង។

សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងអស់ចំនួន៨ហើយ ដែលក្នុងនោះចែកជា សម្បត្តិវប្បធម៌រូបី៣ និងសម្បត្តិវប្បធម៌អរូបី៥។ ១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី), ២៖ របាំព្រះរាជទ្រព្យ (អរូបី), ៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ៤៖ប្រាសាទព្រះវិហារ (រូបី), ៥៖ ល្បែងទាញព្រ័ត្រ (អរូបី), ៦៖ ចាប៉ីដងវែង (អរូបី), ៧៖ ប្រាសាទសំបូរព្រៃគុក (រូបី) និង៨៖ ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)៕