រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនរឹទ្ធិមុនី លួចដឹកគ្រឿងក្នុងជ្រូកផ្ទុកជាតិគីមីជាង១តោន ពីសិរីសោភ័ណ ​ចូលភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2019 ក+ ក-

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេតុ្តបន្ទាយមានជ័យ បានស្ទាក់ឃាត់រថយន្តដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន រិទ្ធិមុនី ដែលសង្ស័យថា បានដឹកគ្រឿងក្នុងជ្រូកហាមឃាត់។ការស្ទាក់ឃាត់នេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ១៥នាទីចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ ដែលគ្រោងនឹងនាំចូលមករាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការង បានឲ្យដឹងថា រថយន្តដែលឃាត់ចាប់ គឺជារថយន្តក្រុងរបស់ក្រុមហ៊ុនរឹទ្ធិមុនី ពាក់ស្លាកលេខ បាត់ដំបង 3A-0244 ។ក្រោយស្ទាក់ឃាត់សមត្ថកិច្ចបានរកឃើញសាច់ជ្រូក-គ្រឿងក្នុងជ្រូកចម្រុះចំនួន ១៦កេស ស្មើនឹង ១ ០៩៤គីឡូក្រាម ដែលច្បាប់ហាមឃាត់ និងការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេសធ្វើឱ្យប្រែប្រួលគុណភាព ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

គ្រឿងក្នុងជ្រូកទាំងនេះ គឺបាននាំចូលពីថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត បង្កប់តាមរទេះដឹកទំនិញតូចធំ និងរទេះដឹកបន្លែផ្លែឈើ ជួលកម្មករអូសពីផ្សាររោងគ្លឿងូសចូលមកខ្មែរ ហើយយកមកដាក់រថយន្តតូចធំ និងមួយចំនួនទៀតដឹកតាមរថយន្តក្រុងដើម្បីយកទៅលក់ចែកចាយតាមបណ្តាខេត្ត។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានយកមកស្នងការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី និងធ្វើពិធីដុតកម្ទេចចោលនៅរសៀលថ្ងៃអាទិត្យនេះ៕