ភ្ញាក់ផ្អើលទាំងព្រឹក ខណៈមានសិស្ស១៥នាក់នៅវិទ្យាល័យអូរសំព័របានដួលសន្លប់បន្តបន្ទាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2019 ក+ ក-

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ សិស្សសាលាចំនួន១៥នាក់ដែលសិក្សានៅវិទ្យាល័យ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅតាមគ្លីនិកឯកជននិងមន្ទីរពេទ្យរដ្ឋខណៈដួលសន្លប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៩នេះ។ លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា មានសិស្សមួយចំនួនធំបានវិលត្រឡប់ទៅផ្ទះវិញនាល្ងាចថ្ងៃទី១៧ ខែធ្នូ នេះ ក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ។

លោកអធិការបានបន្តថា៖សិស្សដែលដួលសន្លប់ទាំងនោះសុទ្ធតែសិស្សស្រី ពុំមានបុរសនោះទេ ដោយក្នុងនោះមានឈ្មោះ១/-សុខ ស្រីយួន រៀននៅថ្នាក់ទី៩ A, ២/-ជា ប៉ីយបីយ រៀនថ្នាក់ទី៨ A, ៣/-ស្រៀវ សម្ភស្សរៀនថ្នាក់ទី១០ A ,4/- ម៉ម សំពីសី រៀនថ្នាក់ទី១១ A, ៥/-សៀន សុខា រៀនថ្នាក់ទី៨ A, ៦/-ជុំ ដា រៀនថ្នាក់ទី៧C,៧/- ឃៀង ស្រីណាន់ រៀនថ្នាក់ទី៩A,៨/- ណង នីតា រៀនថ្នាក់ទី១០ A,៩/-រ៉េន ស្រីនិច រៀនថ្នាក់ទី៧ A, ១០/-ណន ស្រីអន រៀនថ្នាក់ទី៧B, ១១/-សុង នីសា រៀនថ្នាក់ទី៧B, ១២/-ថោ សៀវថុង រៀនថ្នាក់ទី៧B, ១៣/-ស៊ុន សៃអេង រៀនថ្នាក់ទី១០A, ១៤/-ភារុន គឹមអេង រៀនថ្នាក់ទី១០A, ១៥/-សាវុន នីហ្សា រៀនថ្នាក់ទី៨B ។
លោកអធិការបានបញ្ជាក់ថា៖តាមការឲ្យដឹងពីលោកគ្រូពេទ្យនិយាយថា៖ការដែលសិស្សដួលសន្លប់ទាំង១៥នាក់នោះ គឺបណ្តាលមកពីសុខភាពរបស់ពួកគាត់ខ្សោយ ស្របពេលថ្ងៃនេះធាតុអាកាសក្តៅ ខុសពីធម្មតានៅក្នុងអគារជាន់ទី៣ ជាហេតុបណ្តាលឲ្យសិស្សទាំង១៥នាក់នោះដួលសន្លប់ មិនមានការពុលចំណីអ្វីនោះឡើយ។

ក្រោយមានហេតុការណ៍ក៏ត្រូវបានលោកគ្រូ អ្នកគ្រូ និងកងកម្លាំងនគរបាលរួមទាំងប្រជាពលរដ្ឋ បាននាំយកទៅសង្រ្គោះមបន្ទាន់ទៅមណ្ឌលសុខភាព និងគ្លីនិកឯកជន ហើយក្នុងនោះសិស្សមួយចំនួនធំបានវិលត្រឡប់ លើកឡែងតែ២នាក់ដែលបន្តសម្រាកព្យាបាលនិងបន្តតាមដានពីក្រុមគ្រូពេទ្យ៕