ប៉េតង់​កម្ពុជា​ដណ្ដើមបាន​មេដាយ​៦​គ្រឿង​ពី​ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៣ នៅ​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2019 ក+ ក-

ភ្នំពេញ ៖ អត្ត​ព​លិ​ក​កីឡា​ប៉េតង់​កម្ពុជាបាន​ដណ្ដើម​មេដាយ​៦​គ្រឿង ពី​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​៣ នៅ​វៀតណាម​។ មេដាយ​៦​គ្រឿង​ដែល​កម្ពុជា​ដណ្ដើមបាន​ក្នុងនោះ​រួមមាន​មេដាយមាស៤, ប្រាក់ ១ និង​សំរឹទ្ធ១។​

​ចំពោះ​មេដាយមាស ៤​គ្រឿង​របស់​ក្រុមកីឡា​ប៉េតង់​កម្ពុជា ដណ្ដើមបាន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​បុរស និង​នារី រួមមាន​កីឡាករ សុខ ចាន់​មាន និង​ម្ចាស់​មេដាយមាស​ពិភពលោក ៤​សម័យ អ្នកស្រី កែ ឡេង​។ ឯ ២​គ្រឿង​ទៀត ដណ្ដើមបាន​មេដាយ​ក្រុម​បុរស និង​ក្រុមយុវជន ដែល​បាន​យកឈ្នះ​ក្រុម​ថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ លើ​វិញ្ញាសា ៣​នាក់ ទល់នឹង ៣​នាក់​ដូចគ្នា​។ លទ្ធផល​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា បាន​គ្រង​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​សូមជម្រាបថា សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី​នេះ បានចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃទី​១៨ រហូតដល់​ថ្ងៃទី​២២ ខែធ្នូ​ម្សិលមិញ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្នុងនោះ​កម្ពុជា ក៏បាន​បញ្ជូន​ប្រតិភូ ក្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ១៨​រូប​ទៅ​ចូលរួម​ប្រកួត​ផងដែរ ៕