មន្ត្រីទូតអាមេរិក សរសើរពីការរីកចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2020 ក+ ក-

ភ្នំពេញ ៖ លោក ប៉ាទ្រីក មើហ្វី ( (H.E. W, Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងការណ៍ការកោតសរសើរ ចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ ជាពិសេសគឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូតបានយ៉ាងល្អប្រសើរ ។ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំ នៃទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក គឺរក្សាបានននូវសន្តិសុខយ៉ាងល្អ។

ការបង្ហាញពីអារម្មណ៍បែបនេះ របស់ លោក ប៉ាទ្រីក មើហ្វី បានធ្វើឡើងក្នុងជំនួបជាមួយ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីរសៀលថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ។

ក្រៅពីសម្ដែងការកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចម្រើនជាមួយនឹងបញ្ហាសន្តិសុខល្អហើយនោះ លោក ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ក៏បានចាត់ទុកភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ានដែលត្រូវរៀបចំគម្រោងជាទីក្រុងវៃឆ្លាត(smart city) ដែលរៀបចំដោយសហរដ្ឋអាមេរិកផងដែរ ។ គម្រោងនេះ នឹងមានអត្ថប្រយោជន៍ទាំងអស់គ្នា សម្រាប់រាជធានីភ្នំពេញ និង បណ្ដារទីក្រុងផ្សេងទៀត។

លោក បន្តថា ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះ នៅសហរដ្ឋអាមេរិក បានធ្វើសន្តិសុខព័ត៌មានមួយ ជុំវិញទីក្រុងវៃឆ្លាតមួយដែរ ក្នុងនោះសម្រាប់កម្ពុជា គឺមានទីក្រុង បីបានចូលរួម ក្នុងនោះមានទីក្រុង សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ។ សហរដ្ឋអាមេរិកសន្យាថា នឹងបណ្ដុះបណ្ដាល ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ (smart city) ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់ផងដែរ។

លោក ឃួង ស្រេង ក៏បានរំលឹក ពីរបបប៉ុលពត ដែលបានធ្វើឲ្យប្រទេសប្រទេសកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនៃការរីកចម្រើនរាជធានីភ្នំពេញនេះ ភ្នំពេញ ក៏មានបញ្ហាប្រឈមមួយចំនួន ដូចជា៖ បញ្ហាកកស្ទះចរាចរណ៍ និងបរិស្ថានជាដើម ដែលបញ្ហានេះរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយ ។
លោក អភិបាលបញ្ជាក់ផងដែរថា ចំពោះបញ្ហាសន្តិសុខ គឺឃើញថា រាជធានីភ្នំពេញមានសន្តិសុខល្អប្រសើរ ហើយប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀត ដែលជាកង្វល់ដ៏ខ្លាំងរបស់រាជធានីភ្នំពេញនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលវាបានសម្លាប់និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ។ ចំពោះបញ្ហាសំរាម នៅពេលខាងមុខនេះ អាចនឹងមានលក្ខណៈល្អប្រសើរជាងនេះ។

យ៉ាងណាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ផងដែរថា ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈមនៅតែមាន ដូចជាបញ្ហាកកស្ទះចរាចរណ៍ សំណល់ បញ្ហាដីធ្លី ខ្យល់អាកាស ជាដើម ជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា៕