ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្តាំផ្ញើដល់ពលរដ្ឋកុំព្រួយបារម្មណ៍ពីជំងឺប្រភេទថ្មី កូរ៉ូណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2020 ក+ ក-

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានសូមកុំភ្ញាក់ផ្អើល និងមានការព្រួយបារម្មណ៍ចំពោះជំងឺប្រភេទថ្មី កូរ៉ូណា ដែលកំពុងកើតមាននៅលើពិភពលោក ព្រោះប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់បានឆ្លងរាលដាលនៅឡើយទេ។ផ្ទុយទៅវិញអ្វីដែលបារម្មណ៍នោះគឺជំងឺភ័យព្រួយរបស់ ប្រជាពលរដ្ឋទៅវិញទេ។ លោកបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពន្យល់បងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអំពីជំងឺនេះឲ្យសោះ ហើយម្យ៉ាងទៀតពាក់ព័ន្ធនឹងជំងឺនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន កំពុងយកចិត្តទុកដាក់ និងចាត់វិធានការគ្រប់រូបភាព ដើម្បីទុបស្កាត់នូវជំងឺឆ្លងនេះនិងធ្វើយ៉ាងណាដើម្បីការពារសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

ការបញ្ជាក់ និងផ្តាំផ្ញើខាងលើនេះគឺបានធ្វើឡើងនៅក្នុងឱកាសដែល លោក ផុស សុវណ្ណ និងលោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តមខៀវ កាញ្ញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្ត ពោធិរិទ្ធ ហៅវត្តត្នោត ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

ឆ្លៀតក្នុងឱកាសនេះដែរលោក ផុស សុវណ្ណ មានប្រសាសន៍លើកឡើងទៀតថា វិស័យពុទ្ធចក្រ និងអណាចក្របានដើរទន្ទឹមគ្នា ក្រោមម្លប់សន្តិភាព និងបានធ្វើឲ្យប្រទេស កម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើននិងសុខសន្តិភាពហើយប្រជាពលរដ្ឋមានសេរីភាពគ្រប់បែបយ៉ាង ។ហើយសមិទ្ធផលទាំងនេះគឺចាត់ថាជាការរំលឹកនិងអរគុណដល់បុព្វការីជន ដែលបាន ពាលីជីវិតនិងទុកជាទីសការៈសម្រាប់មនុស្សជំនាន់ក្រោយៗទៀតគោរពបូជា។

បន្ទាប់ពីលោក ទន់ សារ៉ាត បានលើកឡើងនូវគោលនយោបាយ និងការរីកចម្រើនរួចមកលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិនបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា ទីវត្តអារាមវត្តត្នោតនេះ គឺបានកើតឡើងតាំងពីឆ្នាំ១៩៣៤មកម្ល៉េះ ដោយមានព្រះចៅអធិការវត្តចំនួន៦ព្រះអង្គ មកហើយ ដោយមានការជួយជ្រោមជ្រែង ពីគណៈពង្រឹងមូលដ្ឋានឃុំកោះសូទិន និងពុទ្ធបរិស័ទចំណុះជើងវត្ត មកដល់បច្ចុប្បន្ននេះ បានកសាងបាននូវសមិទ្ធផលយ៉ាងច្រើនរហូតបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។

គួរបញ្ជាក់ថា សមិទ្ធផលដែលក្រុមការងារបានជួយរួមមាន ៖ កសាងខ្លោងទ្វារវត្ត របង៨បន្លោះ និងម៉ាស៊ីនកាណូតចំនួន១។ ទន្ទឹមនឹងនេះ លោក ផុស សុវណ្ណ និង លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយក្នុងស្រុក ក្រៅស្រុក បានជួយឧបត្ថម្ភ និងកសាងសមិទ្ធផលជាច្រើនទៀតសរុបជាទឹកប្រាក់ចំនួន៣២២០០ដុល្លារ ៕