កម្ពុជាតែងតាំងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2020 ក+ ក-

ភ្នំពេញ ៖ ឥស្សរជនបរទេសទីមួយ នោះគឺឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Dmitry TSVETKOV ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាសមាជិកកិត្តិយស នៃរាជ បណ្ឌិត្យសភាកម្ពុជា ដោយពិធីប្រកាសគោរមងារជាសមាជិកកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូន ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីរូបនេះជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិត សភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីរសៀលថ្ងៃទី២៤ កុម្ភៈ។

បើតាមការអះអាងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សា បណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណា
ចក្រកម្ពុជាឯកឧត្តម Dmitry TSVETKOV មានគុណសម្បត្តិក្នុងការបំពេញភារកិច្ចជាតំណាងស្ថានទូត សហព័ន្ធរុស្ស៊ី មានគុណបំណាច់ និងស្នាដៃក្នុងការដឹកនាំ គ្រប់គ្រងស្ថាប័ន សម្របសម្រួលកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ក៏ដូចជាការរឹតចំណងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ច ការងារស្រាវជ្រាវ បែបវិទ្យាសាស្ត្ររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ីជាដើម ទើបនាំឱ្យ រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងរូបលោកជាសមាជិកកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាតែម្តង
ទៅ។

ដោយឡែកចំពោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា ការផ្តល់គោរមងារជាសមាជិកកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជា ជូនឯកអគ្គរដ្ឋទូតសហព័ន្ធ រុស្ស៊ីនាពេលនេះ គឺជាការបង្ហាញអំពីគុណវុឌ្ឍិ និងគុណសម្បត្តិគ្រប់លក្ខណៈ តាមរយៈការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មលើវិស័យអប់រំ ការ អភិវឌ្ឍ និងការជម្រុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររវាងស្ថាប័នស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវ នៃសហព័ន្ធរុស្ស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនទៀត ជាមួយស្ថាប័ននានា នៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី

គួររំលឹកថា៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmitry TSVETKOV គឺជាបុគ្គលដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយពីសាកល វិទ្យាល័យទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ។ ក្រៅពីភាសាកំណើត លោកអាចនិយាយ និងប្រើប្រាស់បាន បីភាសាយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ អង់គ្លេស និងភាសាបារាំង ហើយឯកឧត្តមក៏ជាបុគ្គលម្នាក់ដែល បានទទួលនូវកោតសរសើរ និងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីរដ្ឋាភិបាលរុស្ស៊ីផងដែរ៕