សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ចម្ងាយជាង១៧៤គ.ម. ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ឧត្តរមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2020 ក+ ក-

បន្ទាយមានជ័យ ៖ ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅឃុំផ្អុង ខេត្តឧត្តរមានជ័យ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៥៨ ដែលត្រូវបានសាងសង់ចប់សព្វគ្រប់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ផ្លូវនេះមានប្រវែងសរុបចំនួន១៧៤,១៦៦គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុង នោះផ្លូវមេប្រវែង១៦៥,១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង៨,៩៨០គីឡូម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លាន ដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្អុង) ខេត្តឧត្តរមានជ័យ ។

គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ១០០%នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជ កម្មថែមទៀតរបស់ប្រទេសជាតិ៕