ADB នឹងផ្តល់ថវិកា ១.៤៥០លានដុល្លារសម្រាប់អភិវឌ្ឍន៍កម្ពុជារយៈពេល៥ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម វង្សី វិស្សុត នាជំនួប ពិភាក្សាការងារ ជាមួយលោក អាន់តូនី ម៉ាក់ដូណាល នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានសម្តែងនូវអំណរគុណចំពោះធនាគារមួយនេះ ដែលបាន អនុម័តឯកសារយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ដែលជា ក្របខណ្ឌយុទ្ធ សាស្រ្តរួមមួយមានទឹកប្រាក់ប្រមាណ ១៤៥០ លានដុល្លារអាមេរិកសម្រាប់ រយៈពេល៥ឆ្នាំ ដែលឆ្លើយតបកាន់តែប្រសើរឡើង ទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់ កម្ពុជា។

ក្នុងជំនួបជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីនៅទីស្តីការក្រសួង កាលពីល្ងាចថ្ងៃ ទី២៥ កុម្ភៈនោះដែរ លោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត ក៏បានជម្រាបជូនអំពី ស្ថាន ភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ប៉ាន់ស្មានថា នឹងអាចសម្រេចបានកំណើនក្នុង រង្វង់ ប្រមាណ ៦% នៅក្នុងឆ្នាំ២០២០ ព្រមទាំងអំពីក្របខណ្ឌ ម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០ ដែល នៅ តែមានលក្ខណៈរឹងមាំ ទោះបីសេដ្ឋកិច្ចកម្ពុជាត្រូវបានជួបប្រទះបញ្ហា ប្រឈម និង ហានិភ័យកាន់តែច្រើនពីខាងក្រៅក្តី។ លោកថា ក្នុងក្របខ័ណ្ឌខាងលើនេះ រាជរដ្ឋា ភិបាល បានត្រៀមខ្លួនរួចជាស្រេច និងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដូចដែលសម្តេច តេជោនាយករដ្ឋមន្រ្តី បានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អំពីវិធានការរបស់រារដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺ Covid-19 និងការ ព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA)។

ជាការឆ្លើយតប លោក អាន់តូនី ម៉ាក់ដូណាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអបអរសាទរចំពោះជោគជ័យ ដ៏ធំធេងរបស់កម្ពុជា ក្នុង ការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពោលគឺរាជរដ្ឋាភិបាល កម្ពុជា មានគោលនយោបាយត្រឹមត្រូវ ក្នុងការអភិវឌ្ឍន៍ប្រទេស និងការកាត់បន្ថយភាព ក្រីក្រ។ លោកថា ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តយុទ្ធសាស្រ្ត២០៣០ តាមរយៈ ការ ដាក់ ឱ្យអនុវត្តនូវផែនការសកម្មភាពអាទិភាពមួយចំនួន ក្នុងនោះរួមមាន៖ (១).ការពង្រឹង គុណភាព ហេដ្ឋារចនាសម្ព័ន្ធ (២).ការកសាងធនធានមនុស្សតាមរយៈ ការវិនិយោគ លើ វិស័យអប់រំ និងសុខាភិបាល, ពុទ្ធិ និងភាពច្នៃប្រឌិត និង (៣).ការពង្រីកកិច្ចសហ ប្រតិបត្តិ ការ និងសមាហរណកម្មក្នុងតំបន់ ដូចជាមហាអនុតំបន់មេគង្គ ដែលយុទ្ធសាស្រ្ត២០៣០ នេះ គឺមានលក្ខណៈស្របគ្នាទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្រ្តស្តីពីការកែទម្រង់ ប្រព័ន្ធគ្រប់ គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
គួរជម្រាបថា ថិវកាចំនួន១,៤៥ពាន់លានដុល្លារអាមេរិករបស់ ADB តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មី ឆ្នាំ២០១៩ ដល់២០២៣ នឹងត្រូវប្រើសម្រាប់វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវិភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលករកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។ នេះ បើ តាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩៕