ក្រុម​នាវិក​កប៉ាល់ Westerdam ចងចាំ និង​ប្រាប់​​កូនចៅ​ជំនាន់​ក្រោយពី​ទឹកចិត្ត​ដ៏​ប្រពៃ​របស់កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2020 ក+ ក-

ខេត្តព្រះសីហនុ ៖ ថ្ងៃពុធ ៤កើត ខែផល្គុនឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ​ លោក គួច​ ចំរើន​ អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​ និងមន្រ្តីក្រោមឱវាទត្រូវបានអញ្ជើញចូលរួមពិសារអាហារសាមគ្គី ដែលរៀបចំឡើងដោយក្រុមនាវឹករបស់នាវា Westerdam ដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែក្រុងព្រះសីហនុ។

ក្នុងពិធីនេះ​ លោកមេបញ្ជាការនាវា បានថ្លែងកោតសរសើរដល់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំម​ន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋកម្ពុជានូវទឹកចិត្តមនុស្សធម៌ និងគ្មានការរើសអើងដោយបានអនុញ្ញាត​ទទួលយកនាវា Westerdam នាវឹកនិងភ្ញៀវទេសចរណ៍ទាំងអស់​ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ​ និងជួយសម្របសម្រួលនូវសេចក្តីត្រូវការគ្រប់បែបយ៉ាង ជាពិសេសជួយដល់ដំណើរត្រលប់ទៅកាន់ប្រទេសកំណើតរបស់ភ្ញៀវទេសចរណ៍នៅលើទទួលបានជោគជ័យលើសពីការរំពឹងទុក។ យើងខ្ញុំទាំងអស់គ្នានឹងចងចាំអំពីកម្ពុជា នឹងប្រាប់ដល់កូនចៅជំនាន់ក្រោយពីទឹកចិត្តដ៏ល្អប្រពៃនេះ។

ជាមួយនេះផងដែរ​ លោក គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាវឹកទាំងអស់​ និងបានជូនពរដល់ក្រុមនាវឹក និងអ្នករួមដំណើរទាំងអស់ទទួលបានសេចក្តីសុខសុវត្ថិភាព ក្នុងដំណើរវិលត្រលប់កាន់គោលដៅបន្តនាពេលខាងមុខនេះ ហើយយើងខ្ញុំរីករាយស្វាគមន៏ដល់ក្រុមនាវឹក និងភ្ញៀវទេសចរទាំងអស់​នៃនាវា​ Westerdam មកកំសាន្តនៅខេត្តព្រះសីហនុ​ជាបន្តទៀត​៕