ទិវាអន្តរជាតិនារី៨មីនាឆ្នាំនេះ ក្រោមប្រធានបទ«មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានរៀបចំអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” ក្នុងចេតនាបន្តរំលេចពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង“អរគុណសន្តិភាព” ដែលបានប្រែក្លាយប្រទេសកម្ពុជា ពីគំនរផេះផង់បែកបាក់ជាតិ និងបែងចែកទឹកដីទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងលើសកលលោក។

ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយ មន្ត្រីរាជការជាស្ត្រីនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង បានគាំទ្រពេញទំហឹង ពោះប្រធានបទ សម្រាប់ទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ ឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ព្រោះថា ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយ មានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន។ បើគ្មានសន្តិភាព នោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សមភាពយេនឌ័រ ជាកត្តាចម្បង ក្នុងការធានានូវចីរភាព នៃសន្តិភាព បរិយាប័ន្ន និងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។

ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្រ្ជាបការងារយេនឌ័រ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ត្រង់កម្មវិធី ទី៤ នៃយុទ្ធសាស្រ្តទី០៥ ចង្កោមសកម្មភាពទី៧ និងបានរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ ដែលបង្ហាញនូវ ការប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័ររបស់ក្រសួងការងារ។
តាមរបាយការណ៍របស់ស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា គម្លាតយេនឌ័រ នៅក្នុងប្រទេសកម្ពជាត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់ ដោយថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ទី ៨៩ ក្នុងឆ្នាំ២០២០។ ការផ្តល់ចំណាត់ថ្នាក់នេះផ្អែកលើកត្តាចំបងៗ៤ គឺការបង្កើនការចូលរួមរបស់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច សមភាពយេនឌ័រ ក្នុងវិស័យអប់រំ,ស្ថានភាពសុខភាពស្រ្តី និងសមភាពយេនឌ័រ ក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈនិងនយោបាយ៕