សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2020 ក+ ក-

ភ្នំពេញ ៖ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយដើម្បីរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ គណៈកម្មការ រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១នេះ បានប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបាន អនុវត្តនាពេលកន្លងមក និងដាក់ទិសដៅអនុវត្តបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំ។

លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ បានគូសបញ្ជាក់ថា បន្ទាប់ពីបានត្រៀមរៀបចំចាត់ចែងអស់រយៈ ពេលជាច្រើនខែមក ពេលនេះ គឺជាពេលវេលាផ្តើមអនុវត្តការងារជាក់ស្តែងដូចជា ការកក់សណ្ឋាគារ សម្រាប់កន្លែងរៀបចំកិច្ចប្រជុំ និងរថយន្តដឹកគណៈប្រតិភូជាដើម។ ចំពោះខ្លឹមសារ និងទម្រង់លិខិត អញ្ជើញគណៈប្រតិភូបរទេសចូលរួមប្រជុំ និងសារលិខិតស្វាគមន៍របស់ប្រធានកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុបលើកទី១១ បានដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចហើយ។

បន្ទាប់ពីការជជែកលើបញ្ហាច្រើន ពិសេសនីតិវិធីនិងគោលការណ៍របស់កិច្ចប្រជុំរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានណែនាំដល់សមា ជិកទាំងអស់បន្តខិតខំបំពេញការងារគ្រប់មុខសញ្ញា ក្នុងស្មារតីហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ប្រកបដោយការទទួលខុសត្រូវ ដើម្បីជាផលប្រយោជន៍ជាតិទំាងមូល៕