ដោះលែងស្ត្រីម្នាក់ក្រោយកូនស្រីអាយុ៥ខែដែលជាប់ឃុំជាមួយបានស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2020 ក+ ក-

ភ្នំពេញ ៖ ស្រ្តីម្នាក់ដែលជាប់ឃុំក្នុងមណ្ឌលកែប្រែទី២ (ម២) ត្រូវបានតុលាការរាជធានី ភ្នំពេញ បើកសវនាការជំនុំជម្រះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបានសម្រេចផ្តន្ទា ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារ ៨ខែ១០ថ្ងៃ ចំណែកទោសនៅសល់ត្រូវព្យួរ ដែលជនជាប់ចោទអាចមានសេរីភាពនៅក្រៅឃុំ ក្រោម សមត្ថកិច្ចត្រួតពិនិត្យរបស់តុលាការ។

គួរជម្រាបថា ស្ត្រីរូបនេះ ត្រូវចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការរាជធានី សម្រេច ឃុំខ្លួនក្នុងមណ្ឌលកែប្រែប្រមាណ ៨ខែមកហើយ ដោយតុលាការមិនទាន់បើកសវនាការ ជំនុំជម្រះឡើយ រហូតទាល់តែមានហេតុការណ៍កូនតូចអាយុ ៥ខែដែលរស់នៅពន្ធនាគារ ជាមួយបានស្លាប់ ហើយត្រូវបានអន្តរាគមន៍ពីក្រុមមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ទើបនៅថ្ងៃទី២៥ ខែកុម្ភៈ តុលាការបើកសវនាការដែលបើគិតចាប់តាំង ពីថ្ងៃជាប់ឃុំ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺស្ត្រីរូបនេះស្ថិតក្នុងការឃុំខ្លួន មានរយៈពេល ៨ខែ១០ថ្ងៃរួចហើយ ដូច្នេះស្រ្តីរូបនេះ ត្រូវបានដោះលែងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ តែម្តង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការធិការសិទ្ធិមនុស្ស ដែលចេញនៅ ថ្ងៃ ទី២៨ ខែកុម្ភៈ បានឲ្យដឹងថា កូនស្រីតូចនោះ មានជំងឺរលាកសួតធ្ងន់ធ្ងរ ហើយបានស្លាប់ ពេលបញ្ជូនចេញពីមណ្ឌលកែប្រែ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត កាលពី ពេលថ្មីៗនេះ។ទោះជាយ៉ាងណាក្តី របាយការណ៍មួយរបស់អង្គការលីកាដូ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា បានទាមទារឲ្យស៊ើបអង្កេត និងរកយន្តការដោះស្រាយក្រោយការស្លាប់ទារិកាម្នាក់ អាយុ ៥ខែ ដែលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ “ម២” ដោយសាររលាកសួត និងខ្វះអាហារូបត្ថម្ភ។

ស្ត្រីជាម្ដាយ បានជាប់ឃុំជាងកន្លះឆ្នាំមកហើយ ដោយមិនទទួលបានសវនាការ និងគ្មានមេធាវីការពារខ្លួន។ ស្ត្រីនោះ ជាប់ពន្ធនាគារ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ក្នុងពេលមានគភ៌ ៨ខែ ដោយរងការចោទប្រកាន់ថា បានកាន់កាប់កញ្ចប់ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (Methamphetamine) មួយកញ្ចប់មានតម្លៃមួយម៉ឺនរៀល ឬ ២,៥ដុល្លារអាមេរិក៕