កម្ពុជា កំពុងជំរុញការត្រួតពិនិត្យច្រកចេញ-ចូលតែមួយរវាងកម្ពុជា-ថៃ និងវៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2020 ក+ ក-

ភ្នំពេញ ៖ លទ្ធភាពក្នុងការជំរុញការអនុវត្តការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ រវាងកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន, ការអនុវត្ត ការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ ជាមួយប្រទេសជាប់ ព្រំដែន ជាពិសេសថៃ និង វៀតណាមដែលត្រូវបានចាត់ទុកថាជាកិច្ចការបន្ទាន់ និងចំពោះមុខរបស់កម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោ បាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា៖ ក្រោយពីការសាងសង់ស្ពានត្សឺបាសា (អ្នកលឿង) រួចមក ទំហំនៃការដឹកជញ្ជូន និង ចរាចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ បានកើនឡើងហួសពីការរំពឹងទុក ស្របពេលដែលផ្លូវឆ្លង កាត់ព្រំដែនមាន តែ មួយខ្សែ និងតូចចង្អៀតដែលមិនអនុញ្ញាតឱ្យមានការបែងចែកតាមប្រភេទចរាចរណ៍ ឬ មធ្យោបាយដឹកជញ្ជូនឆ្លងកាត់បានប្រកបដោយប្រសិទ្ធភាព។ ច្រកទ្វារព្រំដែននេះក៏រងសម្ពាធពីល្បឿននៃការអភិវឌ្ឍយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយស្រដៀងគ្នាដែរ ស្ថានភាពនៃការកកស្ទះនៅច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយ ប៉ែត -អារញ្ញប្រាថេត ក៏មានសភាពធ្ងន់ធ្ងរផងដែរ ខណៈច្រកទ្វារអន្តរជាតិថ្មី ស្ទឹងបត់ -បានណងអៀន នៅមិនទាន់អាចដាក់ឱ្យដំណើរការបាន។ លោកថា ក្នុងបរិការណ៍នេះ គណៈ កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចង្អុលបង្ហាញនូវ វិធានការ ចំពោះមុខរយៈពេលមធ្យម និងវែង ចំនួន៤ចំណុច សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ជាមួយភាគីវៀតណាម។

ដោយឡែកសម្រាប់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ វិញ កិច្ចការបន្ទាន់ចំពោះមុខចំនួន ២គឺបន្ត ជំរុញការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរឹងមាំ ឱ្យបានឆាប់ និងទី២.បង្កើនប្រសិទ្ធភាព នៃការអនុវត្តនីតិវិធីបញ្ចេញទំនិញឆ្លងកាត់ព្រំដែន ជាមួយនោះ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវ ដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធក្នុងស្រុកព្រមទាំង ភាគីថៃ និងវៀតណាម ក្នុងការអនុវត្តវិធានការទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕