កម្ពុជា ចាប់នាវាកាំរូនមួយគ្រឿងបំពានដែនសមុទ្រនៅចន្លោះកោះតាង និងកោះពូលូវ៉ៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2020 ក+ ក-

ខេត្ត​ព្រះសីហនុ ៖ ក្រោម​បញ្ជា​ផ្ទា​ល់ពី​សំណាក់​ ឯកឧត្តម នាយឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​ប្រចាំ​ទិស​ភូមិភាគ​៣ បាន​ដឹកនាំ​កម្លាំង​ចាប់​ឃាត់​នាវា​មួយគ្រឿង ឈ្មោះ COURAGEOUS ប្រភេទ​នាវា​ដឹក​ប្រេង​របស់​ជនបរទេស​ ដែល​ចូល​ដែនទឹក​កម្ពុជា​ ក្នុង​ចន្លោះ​កោះតាង និង​កោះ​ពូ​លូ​វ៉ៃ ដោយគ្មានការអនុញ្ញាត។​

មន្ត្រីនគរបាលជំនាញ ឲ្យដឹងថា ​ប្រតិបត្តិការ​ខាងលើនេះ​ ចុះបង្ក្រាបដោយ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​កម្លាំង​រួម​របស់​នគរបាល​ការ​ពាំរ​ព្រំ​ដែនទឹក កាលពី​ថ្ងៃ​២៧ ខែកុម្ភៈ ឆ្នាំ​២០២០។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា មកដល់ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០នេះ នាវា​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រំ​ដែនទឹក នាំចូល​មក​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន មាន​ប្រស​សន៍​ថា តាម​ការបំភ្លឺ​របស់​អ្នកទទួលខុសត្រូវ​នាវា​នេះ បានបញ្ជាក់​ឲ្យ​សមត្ថកិច្ច​ដឹងថា នាវា​ដែល​បាន​ឃាត់​នេះមានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាន​នា​វឹក​ចំនួន​១៦​នាក់ និង​បានទទួល​បញ្ជា​ឲ្យ​ចេញពី​កំពង់ផែ KAO HSIUNG នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០។ លុះដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នាវា​នេះ​ បាន​បោះ​យុថ្កា​នៅ​ចំណុច​និយាម​ការ N10o05.1300’, E103o07.8593’ ដើម្បី​រង់ចាំ​បទបញ្ជា​ជាថ្មី​ពី​ថៅកែ។​

​ឯកឧត្តម តេង សួន បានបន្តទៀតថា តាម​ព័ត៌មាន និង​ឯកសារ​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាវា​នេះ​ ធ្លាប់ធ្វើ​សកម្មភាព​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​(​សេចក្តី​ស​ម្រេ​ចេ​លខ 2375 និង 2397 អនុម័ត​នា​ខែកញ្ញា ឆ្នាំ​២០១៧) ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​(DPRK) ដែល​ហាមឃាត់​ការផ្ទេរ​ពី​នាវា​ទៅ​នាវា (SHIP-TO-SHIP/ STS) ទៅ​ទូក​ដឹកទំនិញ របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។

​បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការពារ​ព្រំ​ដែនទឹក ឃាត់ និង​បញ្ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី និង​ចាត់ការ​តាមច្បាប់កម្ពុជា៕